(ប៉ារីស)៖ ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៧ តុលា) បាន​អះអាង​ថា «កុប្បកម្ម» ដែល​បង្ក​ឡើង​ដោយ​ការ​ស្លាប់​របស់​កញ្ញា Mahsa Amini បាន​ត្រួសត្រាយ​ផ្លូវ ​សម្រាប់​ការ​វាយ​ប្រហារ «ភេរវករ» មួយ​ថ្ងៃ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៥នាក់​នៅ​ទីសក្ការ​បូជា​មូស្លីមមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រហារបង្ហូរឈាមនៅក្នុងទីក្រុង Shiraz ភាគខាងត្បូង បានកើតឡើងនៅពេលដែលអ្នកកាន់ទុក្ខរាប់ពាន់នាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ កញ្ញា Amini កាលពីថ្ងៃពុធនៅស្រុកកំណើតរបស់នាង ភាគខាងលិច ៤០ថ្ងៃបន្ទាប់ពីការស្លាប់របស់នាង នៅក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌។

ប្រធានាធិបតីអភិរក្សនិយមជ្រុល លោក Ebrahim Raisi បាននិយាយថា «ចេតនារបស់សត្រូវគឺដើម្បីបង្អាក់ការរីកចំរើនរបស់ប្រទេស ហើយបន្ទាប់មកកុប្បកម្មទាំងនេះបានត្រួសត្រាយផ្លូវសម្រាប់អំពើភេរវកម្ម»

លោក Raisi បានប្តេជ្ញា «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ជុំវិញការសម្លាប់រង្គាលនៅឯវិហារអ៊ីស្លាម Shah Cheragh របស់និកាយស៊ីអ៊ីត ក្នុងអំឡុងពេលអធិស្ឋានពេលល្ងាច ដែលជាការវាយប្រហារមួយ ដែលត្រូវបានអះអាងដោយក្រុមជ្រុលនិយមស៊ុននីរបស់ក្រុមរដ្ឋអ៊ីស្លាម។

គួរបញ្ជាក់ថា បាតុកម្មបន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩៕