(អូស្លូ)៖ ក្រសួងប្រេង និងថាមពលរបស់ប្រទេសន័រវែស បានឲ្យដឹងថា ន័រវែសជំទាស់ទៅនឹងសំណើរបស់សហភាពអឺរ៉ុប ក្នុងការកំណត់តម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកថាមពល លោកស្រី កាឌ្រី ស៉ីមសុន (Kadri Simson) បានឲ្យដឹងថា ប្រទេសន័រវែសបានក្លាយជា អ្នកផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប បន្ទាប់ពីការផ្គត់ផ្គង់របស់រុស្ស៊ីធ្លាក់ចុះ ដោយសារការដាក់ទណ្ឌកម្ម និងបញ្ហាបច្ចេកទេស។ ក្នុងរដូវក្តៅនេះ ទីក្រុងអូស្លូបានអនុម័តការទាញយកឧស្ម័ន នៅទីតាំងថ្មីចំនួន៧កន្លែងថែមទៀត ដើម្បីបង្កើនផលិតកម្មឧស្ម័នក្នុងឆ្នាំ២០២២ ឱ្យបាន៨% ធៀបនឹងឆ្នាំ២០២១។

លោក ស្តៀន ហ្រ្គីមស្រ៊ូត (Stein Grimsrud) អ្នកនាំពាក្យក្រសួងប្រេង និងថាមពល បានប្រាប់សារព័ត៌រុស្ស៉ីមាន Izvestia ឲ្យដឹងថា «ចំណាត់ការនេះអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ខណៈបញ្ហាដែលអឺរ៉ុបកំពុងប្រឈមមុខ គឺការខ្វះខាតឧស្ម័ន»។

គួរបញ្ជាក់ថា យោងតាមស្ថានទូតរុស្ស៉ីប្រចាំទីក្រុងអូស្លូ ន័រវែសត្រូវកត់សម្គាល់ឃើញថា បានបង្កើនប្រាក់ចំណេញរបស់ខ្លួន តាមរយៈការកើនឡើងនៃតម្លៃឧស្ម័ន ហើយទីក្រុងអូស្លូពុំមានគម្រោងចូលរួម ក្នុងការកំណត់តម្លៃឧស្ម័នរបស់សហភាពអឺរ៉ុបឡើយ ដោយបានស្នើឱ្យដៃគូអឺរ៉ុបរបស់ខ្លួន ធ្វើការជាមួយគ្នាដោយផ្អែកលើកិច្ចសន្យារយៈពេលវែង។ ប្រទេសន័រវែសធ្លាប់ជា អ្នកផ្គត់ផ្គង់ឧស្ម័នធំទី២ របស់សហភាពអឺរ៉ុប ដែលគ្របដណ្តប់ប្រហែល២០% នៃតម្រូវការរបស់ EU៕