(ញូយ៉ក)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សារព័ត៌មានអាមេរិក Politico ដោយផ្អែកលើប្រភពពីសារការទូត និងក្រុមមន្រ្តីមួយចំនួន បានរាយការណ៍ថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត បង្កើនល្បឿននៃផែនការដាក់ពង្រាយ គ្រាប់បែកនុយក្លេអ៊ែរ B61-12 ទៅកាន់​តំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍របស់ Politico ក្រុមមន្រ្តីអាមេរិកបាននិយាយក្នុងកិច្ចប្រជុំមួយនៃអង្គការ NATO នៅទីក្រុងព្រុចសែល (Brussels) ថា ការដាក់ពង្រាយគ្រាប់បែកនុយក្លេអ៊ែរ B61-12 ដែលដំបូងឡើយត្រូវបានគ្រោង សម្រាប់និទាឃរដូវឆ្នាំ ២០២៣នោះ គឺត្រូវបានពន្លឿនមកខែធ្នូ ឆ្នាំ២០២២នេះវិញ។

យ៉ាងណាមិញ លោក ផេទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់សារព័ត៌មាន Politico ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ការអត្ថាធិប្បាយលម្អិត អំពីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយលោកបានបន្ថែមថា ការធ្វើទំនើបកម្មគ្រាប់បែក B61 គឺបានប្រព្រឹត្តទៅរយៈពេលជាច្រើនឆ្នាំ និងគ្រោងទុកមុនជាយូរមកហើយ ដែលមិនជាប់ពាក់ពាក់ព័ន្ធនឹង ស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា B61 គឺជាក្រុមគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក ដែលត្រូវបានអភិវឌ្ឍឡើងដំបូង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៦០។ ចាប់តាំងពីពេលនោះមក B61 ជាច្រើនជំនាន់ ត្រូវបានបន្តអភិវឌ្ឍឡើង និងធ្វើឱ្យប្រសើរឡើងជាមុន អំលុងទសវត្សរ៍ក្រោយៗមក ខណៈភាគច្រើននៃពួកវា គឺត្រូវបានដាក់ឱ្យចូលនិវត្តន៍អស់ទៅហើយ។ បើតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរអាមេរិក កម្មវិធីទំនើបកម្ម​នឹងជួយពន្យារអាយុកាលប្រើប្រាស់ នៃគ្រាប់បែកនុយក្លេអ៊ែរនេះ បានបានយ៉ាងហោច ២០ឆ្នាំបន្ថែម។

គ្រាប់បែកនុយក្លេអ៊ែរ B61-12 ដែលជាជំនាន់ថ្មី ត្រូវបានធ្វើតេស្តលើកដំបូង កាលពីឆ្នាំ២០១៥ ហើយឈានចូលដំណាក់កាលផលិត កាលពីចុងឆ្នាំ២០២១។ វាត្រូវបានរចនាឡើងសម្រាប់ឱ្យអាចបំពាក់នៅលើ យន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែករបស់ សហរដ្ឋអាមេរិកផ្ទាល់ និងរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត រួមមានដូចជា B-2, B-21, F-15, F-16, F-35 និង Tornado ជាដើម។ ក្បាលគ្រាប់នៃគ្រាប់បែកនុយក្លេអ៊ែរនេះ គឺជាក្បាលគ្រាប់ដ៏មានភាពបត់បែនមួយរបស់អាមេរិក ដោយសារតែកម្លាំងផ្ទុះរបស់វា អាចដំឡើងខ្លាំងក៏បានឬបន្ថយឱ្យខ្សោយក៏បាន ដោយអាស្រ័យលើគោលដៅ៕