(ប៉េកាំង)៖ ថ្ងៃទី២៦ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតសាទរជូន ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ នៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិន។

លោក Xi Jinpingបានលើកឡើងថា សកលលោកនាពេលបច្ចុប្បន្ន មិនមានសុខសន្តិភាពទេ។ ប្រទេសចិននិងប្រទេសអាមេរិក ជាប្រទេសធំ ការដែលភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ មានអំណោយផលដល់ការបន្ថែមភាពលំនឹង និងស្ថិរភាពនៃសកលលោក មានអំណោយផលដល់សន្តិភាព និងវឌ្ឍនភាពនៃសកលលោក។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអាមេរិក ខិតខំរួមគ្នា គោរពគ្នា រួមរស់ដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ- ឈ្នះ ដើម្បីរកឃើញមាគ៌ាដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិន និងអាមេរិកក្នុងយុគសម័យថ្មី ដែលមានផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោកទាំងមូល។

ថ្ងៃដដែល លោក Biden ប្រធានាធិបតីអាមេរិក ក៏បានផ្ញើលិខិតសាទរជូនពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ នៃគណៈកម្មការទំនាក់ទំនងអាមេរិក-ចិន នៅទូទាំងប្រទេសអាមេរិកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន