(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែតុលា ជា «ទិវាប្រឆាំងនឹងការដាក់ទណ្ឌកម្ម» ដែលបានកំណត់ដោយអង្គភាពអភិវឌ្ឍន៍រួម នៃអាហ្រ្វិកខាងត្បូង។ ប្រទេសអាហ្វ្រិកជាច្រើនបានអំពាវនាវម្តងទៀត ឱ្យប្រទេសលោកខាងលិចដូចជាអាមេរិកជាដើម លុបចោលការដាក់ទណ្ឌកម្មទៅលើប្រទេសហ្ស៊ីមបាវេ។

នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងអំឡុងពេលចូលរួម កិច្ចប្រជុំជជែកដេញដោល ជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ លោក Hage Geingob ប្រធានាធិបតីណាមីប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងរយៈពេលយូរ របស់ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមដោយអះអាងថា ហ្ស៊ីមបាវេគួរតែបម្រះខ្លួនចេញផុតពីការដាក់ទណ្ឌកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍។ ការសម្តែងអាកប្បកិរិយាបែបនេះទទួលបាន ការឆ្លើយតបយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា គិតរហូតដល់បច្ចុប្បន្ននេះ ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសហ្ស៊ីមបាវេ បានអូសបន្លាយអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ ហ្ស៊ីមបាវេបានរងការខូចខាតខាងសេដ្ឋកិច្ចសរុបលើសពី៤ម៉ឺនលានដុល្លារអាមេរិក ដោយសារការដាក់ទណ្ឌកម្មពីខាងក្រៅ។ សហគមន៍អន្តរជាតិបានយល់ឃើញជាទូទៅថា ការដាក់ទណ្ឌកម្មរយៈពេលយូរ របស់ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើម បានរំលោភលើអធិបតេយ្យភាពនិងសិទ្ធិអភិវឌ្ឍន៍ របស់ប្រទេសហ្ស៊ីមបាវេ ក៏ដូចជាបានរំលោភលើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ស្តីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយគឺជាទង្វើអនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ សហគមន៍អន្តរជាតិចាំបាច់ត្រូវថ្កោលទោស ចំពោះការនេះ។

បន្ទាប់ពីបានឡើងកាន់អំណាចមក រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្ន បានបង្ហាញពី «សុទ្ធចិត្ត» ដែលចង់ស្វែងរកឱកាសសហប្រតិបត្តិការ ជាមួយអាហ្រ្វិកជាបន្តបន្ទាប់ ហើយទំនាក់ទំនងការទូតជាមួយអាហ្រ្វិក បានឡើងកម្តៅយ៉ាងលេចធ្លោ។ កាលពីខែកក្កដាឆ្នាំនេះ សហរដ្ឋអាមេរិកនិងប្រទេសអាហ្រ្វិក បានរៀបចំធ្វើកិច្ចប្រជុំកំពូល ស្តីពីឧស្សាហកម្មនិងពាណិជ្ជកម្ម។ កាលពីខែសីហា ឆ្នាំនេះ លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ច នៅទ្វីបអាហ្រ្វិកជាលើកទីពីរក្នុងអំឡុងពេលអាណត្តិកាលរបស់ខ្លួន ហើយបានប្រកាសពីយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក ចំពោះអនុតំបន់សាហារ៉ាអាហ្វ្រិកដោយអះអាងថា អាមេរិកនឹងជំរុញការបើកទូលាយរបស់អាហ្រ្វិក ជួយអាហ្វ្រិកឱ្យយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញជាដើមក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។

យ៉ាងណាមិញ មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ឃើញជាទូទៅថា ក្នុងបរិបទដែលអាមេរិកកំពុងពន្លឿន ការប្រកួតប្រជែងជាមួយប្រទេសមហាអំណាច អ្វីដែលហៅថា យុទ្ធសាស្ត្រថ្មីចំពោះអាហ្វ្រិកដែលអាមេរិក កំពុងអនុវត្តមិនមែនដើម្បីជួយអាហ្វ្រិក ឱ្យទទួលបានការអភិវឌ្ឍនោះទេ តែគឺប៉ុនប៉ងបំភាន់ថា អាហ្រ្វិកជាកូនអុកនិងឧបករណ៍នយោបាយ សម្រាប់បម្រើតែផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិក ដោយយកកិច្ចសហប្រតិបត្តិការធ្វើជាលេស។

នាពេលបច្ចុប្បន្ននេះ ដោយសាររងផលប៉ះពាល់ពីការឡើងកម្តៅនៃវិបតិ្តអ៊ុយក្រែន ក៏ដូចជាហានិភ័យវិបតិ្តសន្តិសុខស្បៀងអាហារ និងថាមពលជាដើមកើនឡើង ដែលបាននាំមកនូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ ប្រទេសអាហ្វ្រិកដែលចង់ស្វែងរក ការស្តារសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែប្រទេសលោកខាងលិចដែលដឹកនាំ ដោយសហរដ្ឋអាមេរិកមិនត្រឹមតែមិនយកចិត្តទុកដាក់ លើបញ្ហាពិបាកអំពីការអភិវឌ្ឍ ដែលទ្វីបអាហ្រ្វិកបាននិងកំពុងប្រឈមមុខប៉ុណ្ណោះទេ ថែមទាំងក៏បែរជាបន្តបង្កើន ការដាក់ទណ្ឌកម្មទៅលើពិភពខាងក្រៅ រហូតដល់បង្ខំឱ្យប្រទេសអាហ្រ្វិក ឈរនៅម្ខាងជាមួយអ្នកណាទៀតផង។ ប្រការនេះមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើងនោះទេ។

តើសហរដ្ឋអាមេរិកចង់ជួយអាហ្វ្រិក ទទួលបានការអភិវឌ្ឍយ៉ាងពិតប្រាកដ ឬមួយក៏និយាយបានតែមាត់ ប្រៀបដូចជាចេញសែកស្អុយម្ដងទៀត? ការពិតជាក់ស្តែងគឺជាភស្តុតាងល្អបំផុត។ ប្រសិនបើចង់ធ្វើកិច្ចសហប្រតិបត្តិការ នោះ អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើ ប្រទេសអាហ្វ្រិកមួយចំនួនជាមុនសិន៕

វិទ្យុមិត្តភាពកម្ពុជាចិន