(មូស្គូ)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចក្លាយជាគោលដៅវាយប្រហារដោយស្របច្បាប់ សម្រាប់រុស្ស៊ី ប្រសិនបើពួកវាត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅឯអង្គការសហប្រជាជាតិ លោក កុនស្តែនទីន វ៉ូរ៉ុនសូវ (Konstantin Vorontsov) អនុប្រធាននាយកដ្ឋានរបស់ក្រសួងការបរទេស សម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ បានគូសបញ្ជាក់ថា «ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិល អាចជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារសងសឹក។ យើងចង់សំដៅទៅលើការចូលរួមនៃហេដ្ឋារចនាសម្ព័ន្ធអវកាសស៊ីវិល រួមទាំងខាងផ្នែកពាណិជ្ជកម្មផងដែរ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងជម្លោះប្រដាប់អាវុធនេះ»

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យខូចដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលក្រោយជំងឺកូវីដ១៩ និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕