(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសចិនបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទស្រូបចូលតាមមាត់ នៅឯទីក្រុងសៀងហៃ (Shanghai)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

វ៉ាក់សាំងនោះដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន​ឱសថចិន ខានស៉ីណូ (CanSino) គឺមានទម្រង់ជាចំហាយទឹក ដែលបឺតស្រូប​ចូលទៅក្នុងខ្លួនតាមមាត់។ បើតាមសេចក្តីប្រកាសនៅលើគណនីផ្លូវការមួយរបស់ទីក្រុងសៀងហៃ វាកំពុងត្រូវផ្តល់ឱ្យដោយមិន​គិតថ្លៃឡើយ ដើម្បីធ្វើជាវ៉ាក់សាំងដូសជំរុញ សម្រាប់អ្នកដែលធ្លាប់បានចាក់វ៉ាក់សាំងកូវីដ១៩ ពីមុនមក។ ប្រជាជនសៀងហៃ ដែលបានទៅទទួលវ៉ាក់សាំង បានបង្ហាញចំណាត់អារម្មណ៍ថា វាប្រៀបដូចជាការផឹកតែទឹកដោះគោយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ប្រភេទនេះ ប្រហែលអាចជំរុញឱ្យ អ្នកដែលមិនចង់ទៅចាក់វ៉ាក់សាំង ព្រោះតែមិនចូលចិត្តម្ជុលនោះ អាចពិចារណាឡើងវិញ ហើយក៏ថែមទាំងអាចជួយពង្រីកការចាក់វ៉ាក់សាំង នៅតាមប្រទេសអត់ខ្សោយផងដែរ ដោយសារតែវាងាយស្រួលក្នុងការប្រើ។ មួយវិញទៀតបើតាមក្រុមអ្នកជំនាញ វ៉ាក់សាំងដែលស្រូបចូលតាមមាត់យ៉ាងដូច្នេះ ក៏ប្រហែលអាចជួយ​ទប់ស្កាត់វីរុស មុនពេលវារីករាលដាលពាសពេញ ប្រព័ន្ធដង្ហើមរបស់យើងផងដែរ។ ក្រុមនិយតករសុខាភិបាលចិន បានផ្តល់ការអនុម័តចំពោះវ៉ាក់សាំងខាងលើ សម្រាប់ប្រើជាដូសជំរុញ កាលពីខែកញ្ញាកន្លងទៅ៕