(យូអិន)៖ អ្នកជំនាញអង្គការសហប្រជាជាតិមួយរូប បាននិយាយថា ប្រភេទនៃសព្វាវុធរុស្ស៊ីដែលប្រើក្នុងប្រទេសអ៊ុយក្រែន ក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយជំរុញឲ្យប្រទេសនានា នៅអង្គការសហប្រជាជាតិបង្កើតក្រុមចម្រុះ ដើម្បីដាក់សម្ពាធលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ដូចរុស្ស៉ីដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថម អាន់ឌ្រូ (Tom Andrews) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉ក យ៉ាងដូច្នេះថា «អាវុធប្រភេទ ខ្លះដែលត្រូវបានគេប្រើនៅអ៊ុយក្រែន ត្រូវបានគេប្រើដើម្បីសម្លាប់ប្រជាជនមីយ៉ាន់ម៉ា។ ហើយអាវុធទាំងនោះមកពីប្រភពតែមួយ គឺមកពីប្រទេសរុស្ស៊ី។ សហគមន៍អន្តរជាតិគួរតែសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង កំណត់គោលដៅលើយោធារបស់មីយ៉ាន់ម៉ា ដោយការទណ្ឌកម្ម និងការហាមឃាត់អាវុធ»

គួរបញ្ជាក់ថា រុស្សី គឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតដល់មីយ៉ាន់ម៉ា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្យាយាមបំបែកភាពជាប់គាំងជាយូរណាស់មកហើយ លើបញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអ្នកការទូតបាននិយាយថា ប្រទេសចិន និងរុស្ស៊ី ទំនងជានឹងការពារមេដឹកនាំយោធាពីសកម្មភាពដ៏ខ្លាំងក្លា ដូចជាការដាក់ទណ្ឌកម្មជាដើម៕