(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយថា ចិននិងសហរដ្ឋអាមេរិកចាំបាច់ត្រូវតែ ខិតខំស្វែងរកមធ្យោបាយដើម្បីត្រូវរូវគ្នា ក្រោមគោលដៅថែរក្សាការពារ​សុខសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV លោកប្រធានាធិបតីចិន បានថ្លែងយ៉ាងដូច្នេះថា «ពិភពលោកសព្វថ្ងៃ មិនទាន់មានសន្តិភាព ឬវិបុលភាពពេញលេញនៅឡើយទេ។ ក្នុងនាមជាកំពូលមហាអំណាច ការពង្រឹងការទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក នឹងជួយបង្កើនស្ថិរភាព និងភាពប្រាកដប្រជាជាសកលលោក ហើយលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍពិភពលោក»

លោក ស៉ី បានបន្ថែមថា «ចិនមានឆន្ទៈជានិច្ចក្នុងការសហការគ្នា ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតការគោរពនិងផ្តល់ប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកមធ្យោបាយដើម្បីចុះសម្រុងនឹងគ្នា ហើយរួមរស់ជាមួយគ្នាដោយសុខសាន្តត្រាណ នៅក្នុងយុគសម័យថ្មី។ បើធ្វើយ៉ាងដូច្នេះបាន វាមិនត្រឹមជាប្រយោជន៍ល្អ សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ»

គួរបញ្ជាក់ថា លោក ស៉ី ជិនពីង ទើបទទួលបានសិទ្ធិដើម្បីបន្តដឹកនាំប្រទេសចិន រយៈពេល៥ឆ្នាំទៀត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយលោកក៏មានឱកាសកាន់អំណាច រាប់ទសវត្សរ៍តទៅមុខទៀតផងដែរ ដរាបណាគណបក្សកុម្មុយនិស្តចិននៅតែបន្តគាំទ្ររូបលោក ជាអគ្គលេខាធិការបក្ស ដ្បិតការកំណត់រយៈពេលកាន់អំណាច ដែលពីមុនបានត្រឹម២អាណត្តិ ឬស្មើ១០ឆ្នាំ ត្រូវបានលុបចោលកាល​ពីឆ្នាំ២០១៨ ខណៈអាណត្តិនេះគឺជាអាណត្តិទី៣ហើយ របស់លោក ស៉ី ជិនពីង៕