(អូតាវ៉ា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ញត្តិរបស់គណបក្សបក្សប្រឆាំងមួយ ដែលទទូចឱ្យប្រទេសកាណាដា កាត់ផ្តាច់ទំនាក់ទំនង​ជាមួយមហាក្សត្ររបស់ចក្រភពអង់គ្លេស គឺត្រូវបានទាត់ចោលក្នុងសំឡេង២៦៦ប្រឆាំង ទល់នឹង៤៤សំឡេងគាំទ្រ នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសប្តាហ៍នេះ ប្រធានគណបក្សប្រឆាំង ប្លុក កេប៊ិចគ្វ័រ (Bloc Quebecois) លោក អ៉ីវ ហ្រ្វង់ស្វ័រ ប្លាន់ឆិត (Yves-Francois Blanchet) បាននិយាយថា ការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ បានផ្តល់ឱកាសមួយសម្រាប់ឱ្យប្រជាជនកាណាដា​រំដោះខ្លួនចេញពីរបបរាជានិយមរបស់ចក្រភពអង់គ្លេស។ យ៉ាងណាមិញ ញត្តិរបស់គណបក្សលោក ត្រូវបានរដ្ឋសភាកាណាដា បោះឆ្នោតទាត់ចោល ក្នុងសំឡេងយ៉ាងច្រើនលើសលប់ ពោលគឺរហូតដល់២៦៦សំឡេង ដែលប្រឆាំង ខណៈមានតែ៤៤សំឡេងប៉ុណ្ណោះ ដែលគាំទ្រ។

ជាក់ស្តែងកិច្ចប្រឹងប្រែងរបស់គណបក្ស ប្លុក កេប៊ិចគ្វ័រ គឺមានឱកាសស្តួចស្តើងបំផុត ក្នុងការទទួលបានជោគជ័យ ដ្បិតកាណាដា ដែលជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងមានព្រះអង្គ ឆាល ជាប្រមុខរដ្ឋនាពេលបច្ចុប្បន្ន គឺតម្រូវឱ្យមាន​ការយល់ព្រមពី រដ្ឋសភានិងព្រឹទ្ធសភារួមទាំងខេត្តទាំងអស់នៅក្នុង ប្រទេសនៃតំបន់អាមេរិកខាងជើងមួយនេះ ទើបអាចផ្តាច់ទំនាក់ទំនងពី មហាក្សត្រចក្រភពអង់គ្លេសបាន។

គួរបញ្ជាក់ថា បន្ទាប់ពីម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត យាងចូលទិវង្គត នាយករដ្ឋមន្រ្តីអង់ទីហ្កានិងបាប៊ុយដា នៃតំបន់សមុទ្រការីបង់ បានប្រកាសថា ប្រទេសដែនកោះនេះ គ្រោងរៀបចំការធ្វើប្រជាមតិមួយ ពាក់ព័ន្ធការទទួលស្គាល់មហាក្សត្រចក្រភពអង់គ្លេស ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈកិច្ចសន្ទនាទាក់ទងប្រធានបទដូចគ្នា ក៏មានសន្ទុះនៅប្រទេសហ្សាម៉ាអ៉ីកផងដែរ។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសដែនកោះសមុទ្រការីបង់មួយទៀត គឺបាបាដុស បានប្រកាសខ្លួនក្លាយជាសាធាណរដ្ឋ។ មកទល់ឥឡូវ ក្រៅពីចក្រភពអង់គ្លេសផ្ទាល់ នៅសល់ប្រទេសចំនួន១៤ទៀត រួមមានទាំងកាណាដា អូស្រ្តាលី និងនូវែលសេឡង់ ដែលទទួលស្គាល់មហាក្សត្រអង់គ្លេស ជាប្រមុខរដ្ឋរបស់ខ្លួន៕