(ប៉េកាំង)៖ ថ្ងៃទី២៥ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាព របស់លោក Xi Jinping ដើម្បីសិក្សាស្រាវជ្រាវពីការរៀបចំ ចាត់ចែងការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ពិនិត្យពិភាក្សាលើ «ការកំណត់មួយចំនួន របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការពង្រឹងនិងគាំពារការដឹកនាំជាឯកភាព និងកណ្តាលរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន» និង «បទប្បញ្ញត្តិលម្អិតរបស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការអនុវត្តការកំណត់៨ខ របស់មជ្ឈិមបក្ស»

កិច្ចប្រជុំបានលើកឡើងថា ការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ជាភារកិច្ចនយោបាយចម្បងរបស់បក្សនិងប្រទេសទាំងមូល នាពេលបច្ចុប្បន្ននិងក្នុងមួយរយៈកាលខាងមុខ។ ត្រូវណែនាំកម្មាភិបាលនិងមហាជន ឱ្យសិក្សារបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ និងលក្ខន្តិកៈបក្ស យល់ដឹងយ៉ាងស៊ីជម្រៅនូវគំនិតថ្មី សេចក្តីសន្និដ្ឋានថ្មី ការរៀបចំចាត់ចែងថ្មីនិងការទាមទារថ្មី ដែលលើកឡើងក្នុងសមាជបក្សកុម្មុយនីសចិន លើកទី ២០។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ការរៀនសូត្រ ឃោសនានិងអនុវត្តស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ត្រូវផ្សារភ្ជាប់ជាមួយការពិត និងស្វែងរកប្រសិទ្ធភាពជាក់ស្តែង។ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅនូវការវិភាគ និងវិនិច្ឆ័យរបស់មជ្ឈិមបក្សចំពោះ ស្ថានការណ៍ជាតិនិងអន្តរជាតិ ដើម្បីត្រៀមលក្ខណៈខាងការងារ និងខាងគំនិតសម្រាប់ឆ្លើយតបនឹង ស្ថានការណ៍ស្មុគ្រស្មាញ៕

វិទ្យុមិត្តភាពកម្ពុជាចិន