(សេអ៊ូល)៖ ការបាញ់សាកល្បងមីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បាននិងកំពុងជំរុញឱ្យក្រុមអ្នកវិភាគ រួមទាំងមន្ត្រីយោធាអាមេរិក មួយចំនួន ជឿជាក់ថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឆាប់ៗនេះ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។ កូរ៉េខាងជើងក៏ត្រូវបានគេ រាយការណ៍ថាបានបញ្ចប់ការត្រៀមលក្ខណៈបច្ចេកទេសសម្រាប់ការធ្វើតេស្ដថ្មីមួយរួចរាល់ហើយ នៅឯរូងក្រោមដីនៃកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងហ្គេរី (Punggye-ri) ដែលត្រូវបានបិទកាលពីឆ្នាំ២០១៨។ ពោលគឺ «បញ្ហាពេលវេលា» ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក គីម ជុងអ៊ុន។

ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តសព្វាវុធ ក្នុងសន្ទុះមិនដែលឃើញពីមុនមកនោះទេ ដោយក្នុងកំលុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង បានបាញ់តេស្ត​មីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយខ្លី និងមធ្យមច្រើនជាង២០គ្រាប់ ក្នុងនោះរួមមាន​ទាំងការបាញ់មីស៉ីលផ្លោង១គ្រាប់ ហោះរំលងជប៉ុនថែមទៀតផង។

*តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅពេលណា?

ចំពោះសំណួរនេះគ្មាននរណាម្នាក់ដឹងឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ កូរ៉េខាងជើងជាប្រទេសមួយឯកោ និងលាក់ការបំផុតមួយនៅលើ ពិភពលោក ដោយសូម្បីតែចារកម្មបរទេសដូចជាសហរដ្ឋអាមេរិក ក៏ធ្លាប់មានការភ្ញាក់ផ្អើលដោយមិនបានដឹងមុនឡើយ នៅពេលកូរ៉េខាងជើងធ្វើតេស្ដបំផ្ទុះគ្រាប់ បែកអ៉ីដ្រូសែន និងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM)​ មានសមត្ថភាពវាយប្រហារដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។

«ជាធម្មតា យើងជឿជាក់ថាយើងអាចនឹងចាប់សញ្ញាសកម្មភាពរបស់ពួកគេតាមរយៈផ្កាយរណប ឬបច្ចេកស៊ើបការណ៍សម្ងាត់ដទៃទៀត ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាគឺ ស្ថិតនៅក្នុងចិត្តលោក គីម ជុងអ៊ុន ហើយយើងមិនបានដឹងឱ្យប្រាដកឡើយ»។ នេះបើតាមមន្ត្រីយោធាលោកខាងលិច ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីដើមខែតុលាកន្លងទៅនេះ។ រូបភាពផ្កាយរណបជាច្រើនបានបង្ហាញថាក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានស្ដារឡើងវិញនូវ រូងក្រោមដីមួយចំនួនដែលទីក្រុងព្យុងយ៉ាងបានបិទកាលពីឆ្នាំ២០១៨ ក្រោយជំនួបកំពូលក្នុងប្រទេសសិង្ហបុរី រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែ ក្រោយបរាជ័យក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម លោក គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីល ឡើងវិញ និងធ្វើសកម្មភាពគួរឱ្យសង្ស័យជាច្រើននៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ហើយកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ក៏បានជាប់គាំងចាប់តាំងពី ឆ្នាំ២០១៩មកដែរ។

យ៉ាងណាក៏ដោយ ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានទទួលការជូនដំណឹងពីចារកម្មកូរ៉េខាងត្បូងកាលពីខែកញ្ញាថា វាអាចទៅរួចថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ នៅចន្លោះពេលរវាងសមាជបក្សកុម្មុយនិស្ដចិននៅថ្ងៃទី១៦ ខែតុលានេះ និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ មិនតែប៉ុណ្ណោះ កត្តាដែលអាចជំរុញលោក គីម ជុងអ៊ុន ក្នុងនោះរួមមានស្ថានភាពកូវីដ១៩នៅក្នុងប្រទេស សង្រ្គាមនៅ អ៊ុយក្រែន, បុណ្យជាតិឈប់សម្រាកនៅក្នុងតំបន់ និងការឱ្យសញ្ញាពីចិន និងរុស្ស៉ី។

*តើកូរ៉េខាងជើងនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរប្រភេទណា?

ក្រុមអ្នកជំនាញជឿថាប្រសិនបើកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញពិតមែន នោះវាអាចជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ដែលអាចបំពាក់លើមីស៊ីល រយៈចម្ងាយខ្លីដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដជាច្រើនលើកកាលពីពេលថ្មីៗនេះ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងដែរថាមីស៊ីលដែលត្រូវបាន ធ្វើតេស្ដកន្លងមក គឺជាផ្នែកមួយនៃការអភិវឌ្ឍ «អាវុធនុយក្លេអ៊ែរតាក់ទិក»។ ក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ក៏អាចនឹងអនុញ្ញាតឱ្យកូរ៉េខាងជើងយកវាទៅបំពាក់ ក្បាលគ្រាប់ជាច្រើននៅលើមីស៊ីលបាលិកស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ផងដែរ ដែលនេះមានន័យថាមីស៊ីលតែមួយគ្រាប់មានសមត្ថភាពវាយប្រហារលើ គោលដៅច្រើន និងមិនងាយឱ្យប្រព័ន្ធខែលការពារមីស៊ីលស្ទាក់ចាប់បាន។

លោក គីម ជុងអ៊ុន កំពុងស្វែងរកភាពស្របច្បាប់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយចង់ប្រើប្រាស់ការធ្វើតេស្ដអាវុធរបស់ខ្លួនដើម្បីបង្កើន សម្ពាធលើសហរដ្ឋអាមេរិកដែលកំពុងរវល់ដកខ្លួនសឹងមិនរួចនឹងការជួយអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយរុស្ស៉ី និងវិបត្តិជាច្រើនទៀតដូចជា សំណុំរឿងតៃវ៉ាន់។

*តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងបញ្ចេញប្រតិកម្មបែបណា?

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ការព្រមាននេះធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែតុលានេះចំពោះមុខការបន្តបង្ហាញក្តីបារម្ភ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ដែលថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងគិតចាប់តាំងពី ឆ្នាំ២០១៧មក។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងតូក្យូ ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី (Takeo Mori) និង​អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ចូ យុនដុង (Cho Hyun-dong) បាននិយាយដូច្នេះថា «យើងបាន​ឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៧»

នាឱកាសនោះ លោកស្រី សឺមែន បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុតទៅទៀត និងបានអះអាងផងដែរថាសហរដ្ឋអាមេរិកប្រើប្រាស់សមត្ថភាព យោធាគ្រប់បែបយ៉ាង ដើម្បីការពារជប៉ុននិងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ បើតាមការសង្កត់ធ្ងន់របស់លោកស្រី កូរ៉េខាងជើងត្រូវតែយល់ឱ្យច្បាស់ អំពីការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកចំពោះ សន្តិសុខនៃប្រទេសជប៉ុននិងកូរ៉េខាងត្បូង។

ក៏ប៉ុន្តែ គេពិបាកនឹងរំពឹងណាស់ថាអាចនឹងមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ឬការចំណាត់ការក្ដៅណាមួយប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងករណីដែល ទីក្រុងព្យុងយ៉ាងធ្វើតេស្ដអាវុធនុយក្លេអ៊ែរមែននោះ។ ជាឧទាហរណ៍ ការចង់អនុម័តដំណោះស្រាយដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយប្រឆាំងនឹងកូរ៉េខាងជើង ច្បាស់ ជានឹងត្រូវបានចិន និងរុស្ស៉ីដែលជាខ្នងបង្អែកដ៏ធំរបស់លោក គីម ជុងអ៊ុន បោះឆ្នោតវេតូជំទាស់។ ជាការពិតណាស់ ទាំងរុស្ស៉ី និងចិន ក៏មិនសូវជាសប្បាយ ចំពោះការធ្វើតេស្ដអាវុធនុយក្លេអ៊ែពីសំណាក់កូរ៉េខាងជើង ប៉ុន្មានដែរ។ ប៉ុន្តែ ដោយសារតែធម្មជាតិនៃទំនាក់ទំនងមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក ទាំងរុស្ស៉ី និងចិន ពួកគេនឹងមិនគាំទ្រការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ ឬធ្ងន់ធ្ងរប្រឆាំងទីក្រុងព្យុងយ៉ាងទេ។ មួយវិញទៀត ការបង្ករឿងរបស់កូរ៉េខាងជើងក៏អាចជា ប្រយោជន៍សម្រាប់ប៉េកាំង និងមូស្គូដែរ នោះគឺការបង្វែរចំណាប់អារម្មរបស់សហរដ្ឋអាមេរិក ចេញពីសំណុំរឿងតៃវ៉ាន់ និងសង្រ្គាមនៅអ៊ុយក្រែន៕