(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានកំណត់គោលដៅលើមន្ត្រីអ៊ីរ៉ង់ រួមទាំងអ្នកមើលការខុសត្រូវក្នុងពន្ធនាគារអ៉ីវីន Evin របស់ទីក្រុងតេហេរ៉ង់ (Tehran) ក៏ដូចជាបុគ្គលផ្សេងទៀត ជាការដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ ជុំវិញបទល្មើសបច្ចេកវិទ្យានិងការបង្ក្រាបការតវ៉ារបស់ប៉ូលីស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

ការប្រកាសដាក់ទណ្ឌកម្មនៅថ្ងៃពុធសប្តាហ៍នេះ គឺជាវិធានការថ្មីចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអ៊ីរ៉ង់ ជុំវិញការបង្រ្កាបលើការតវ៉ា ខណៈដែលសហរដ្ឋអាមេរិកព្យាយាមបង្កើនសម្ពាធលើទីក្រុងតេហេរ៉ង់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងនឹងបន្តស្វែងរកមធ្យោបាយគាំទ្រប្រជាជនអ៊ីរ៉ង់ ដែលធ្វើការតវ៉ាដោយសន្តិវិធី ដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ពួកគេ ហើយការធ្វើដូច្នេះនឹងបន្តដាក់បន្ទុកលើបុគ្គលនិងអង្គភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលចូលរួមក្នុងការគាបសង្កត់យ៉ាងឃោរឃៅ»។

គួរបញ្ជាក់ថា បាតុកម្មបន្ទាប់ពីការស្លាប់របស់នាង ម៉ាស់សា អាមីនី (Mahsa Amini) អាយុ២២ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយ ចំពោះការដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩៕