(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាសហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការធ្វើតេស្តបាញ់គ្រាប់រ៉ុក្កែតមួយ ដែលផ្ទុកនូវឧបករណ៍សាកល្បងផ្សេងៗ សម្រាប់បម្រើដល់កិច្ចប្រឹងប្រែងអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

យោធាអាមេរិកបានឱ្យដឹងថា ក្នុងការធ្វើតេស្តខាងលើ គ្រាប់រ៉ុក្កែតស្រាវជ្រាវមួយ ត្រូវបានបាញ់បង្ហោះឡើងនៅមូលដ្ឋានតេស្តរ៉ុក្កែតនិងមីស៉ីល Wallops Flight Test Facility ស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) ដើម្បីប្រមូលទិន្នន័យស្តីអំពី សមាសធាតុផ្សំផ្សេងៗ នៃមីស៉ីលល្បឿនលឿនជាងសំឡេង រួមមានទាំងវត្ថុធាតុសម្រាប់ការពារកម្តៅ និងប្រព័ន្ធអេឡេត្រូនិចទំនើបៗ ជាដើម ខណៈការធ្វើតេស្តនេះគឺដើម្បីគាំទ្រដល់ កម្មវិធីអភិវឌ្ឍអាវុធល្បឿនលឿនជាសំឡេងរួមគ្នា រវាងកងទ័ពជើងគោក និងកងទ័ពជើងទឹកអាមេរិក។

វាគឺជាការធ្វើតេស្តលើកទី២ហើយក្នុងលក្ខណៈបែបនេះ ដែលធ្វើឡើងនៅក្រោមកម្មវិធីខាងលើ ដោយការធ្វើតេស្តលើកទី១ បានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក) រ៉ុក្កែតស្រាវជ្រាវ១គ្រាប់ទៀត នឹងត្រូវបាញ់បង្ហោះ ដើម្បីប្រមូល​ព័ត៌មានបន្ថែម។

ទិន្នន័យដែលប្រមូលបានពីការធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារអភិវឌ្ឍកម្មវិធី Conventional Prompt Strike របស់កងទ័ពជើងទឹកអាមេរិក ដែលផ្តោតលើការបាញ់មីស៉ីលចេញពី នាវាចម្បាំងនិងនាវាមុជទឹក ហើយនិងកម្មវិធី Long Range Hypersonic Weapon របស់កងទ័ពជើងគោកអាមេរិក។ កម្មវិធីទាំងពីរនេះនឹងប្រើប្រាស់ អាវុធល្បឿនលឿនជាងសំឡេងហៅថា Common Hypersonic Glide Body ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក បានកំណត់យកកិច្ចប្រឹងប្រែង អភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ជាអាទិភាពចម្បងបំផុតមួយរបស់ខ្លួន បន្ទាប់ពីចិនបានធ្វើតេស្តបាញ់អាវុធប្រភេទនេះ ដោយជោគជ័យកាលពីឆ្នាំ២០២១ ហើយរុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់ មីស៉ីលល្បឿនលឿនសំឡេង ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ អាវុធល្បឿនលឿនជាងសំឡេង ឬហៅថា hypersonic weapon គឺធ្វើដំណើរក្នុងលឿនចាប់ពីខ្ទង់ ៤,០០០ម៉ៃយ៍ ឬជិត៦,៥០០គីឡូម៉ែត្រ ក្នុង១ម៉ោងឡើងទៅ៕