(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះត្រួតពិនិត្យផ្ទាល់នូវការធ្វើសមយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលរួមមានការបាញ់មីស៊ីលផ្លោងអន្តរទ្វីប និងមីស៉ីលគ្រូស (cruise missiles) ជាការបង្ហាញសាច់ដុំយោធាចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឲ្យដឹងថា «ក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន វគ្គហ្វឹកហ្វឺនមួយត្រូវបានធ្វើឡើងដោយកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់រុស្ស៉ី ទាំងនៅលើដី ក្នុងសមុទ្រ និងផ្លូវអាកាស ជាមួយនិងការបាញ់ជាក់ស្តែងនូវមីស៉ីលផ្លោង និងមីស៊ីលគ្រូស។ សមយុទ្ធនេះមានគោលបំណងក្លែងធ្វើជាឆ្លើយតបទៅនឹង «ការវាយប្រហារនុយក្លេអ៊ែរដ៏ធំ» ជាការសងសឹកចំពោះការវាយប្រហារនុយក្លេអ៊ែរណាមួយ មកលើប្រទេសរុស្ស៉ី»

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានបញ្ចេញវីដេអូនៃនាវិកនាវាមុជទឹកកំពុងរៀបចំការបាញ់មីស៊ីលបាលីស្ទិកស៉ីណេវ៉ា (Sineva) ចេញពីសមុទ្របារិនស៍ (Barents) ក្នុងតំបន់អាក់ទិក។ កំលុងពេលធ្វើសមយុទ្ធនេះ មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីមូលដ្ឋាន Plesetsk ភាគខាងជើង។ ហើយក៏រួមបញ្ចូលការបាញ់សាកល្បងមីស៉ីលចេញពីតំបន់កាំឆាតកា (Kamchatka) ដែលស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ រីឯយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានបាញ់ទម្លាក់គ្រាប់ចំគោលដៅអនុវត្តផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានជូនដំណឹងដល់ភាគីសហរដ្ឋអាមេរិក ជាមុនពីផែនការដឹកនាំការធ្វើសមយុទ្ធប្រចាំឆ្នាំនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ខណៈក្រុមមន្ត្រីអាមេរិក និយាយថាសមយុទ្ធនេះមានហានិភ័យទាបនៃការបង្កការភ័ន្តច្រឡំ បើទោះជារុស្ស៉ីចេះតែគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយ។ សមយុទ្ធនេះ បានកើតឡើងចំពេលដែលអង្គការណាតូ ក៏កំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅឯភាគពាយ័ព្យអឺរ៉ុបដែលនឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែតុលា៕