(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោក ជកយ៉ា មេឡូនី (Giorgia Meloni) បានប្រាប់សភាជាន់ខ្ពស់នៅថ្ងៃពុធសប្តាហ៍នេះថា មធ្យោបាយតែមួយគត់ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន គឺការជួយឲ្យទីក្រុងកៀវអាចពឹងផ្អែកលើការការពារជាតិដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

ថ្លែងទៅកាន់ព្រឹទ្ធសភាមុនការបោះឆ្នោតផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលស្តាំនិយមដែលទើបតែងតាំងថ្មី លោកស្រី មេឡូនី បានគូសបញ្ជាក់ថា «សន្តិភាពអាចសម្រេចបានដោយការគាំទ្រអ៊ុយក្រែន ... វាគឺជាឱកាសតែមួយគត់ដែលយើងមានសម្រាប់ភាគីទាំងពីរក្នុងការចរចា»

លោកស្រី ចចជៀ មេឡូនី បានបន្ថែមថា «ក្នុងដំណាក់កាលនេះ សព្វាវុធដែលអ៊ីតាលីផ្គត់ផ្គង់ដល់អ៊ុយក្រែន គឺមិនគ្រាន់តែដើម្បីសម្រេចបានលទ្ធផលក្នុងការធ្វើសង្គ្រាមនោះទេ ប៉ុន្តែការផ្តល់អាវុធទាំងនោះមានសារៈសំខាន់សម្រាប់អ៊ីតាលី ក្នុងការទទួលបានទំនុកចិត្តជាអន្តរជាតិមកលើប្រទេសរបស់ខ្លួន»

គួរបញ្ជាក់ថា មេដឹកនាំថ្មីរបស់អ៉ីតាលីរូបនេះ បានសន្យាម្តងហើយម្តងទៀតនូវការគាំទ្រដល់ទីក្រុងកៀវ ខណៈដែលក្រុមចម្រុះរបស់លោកស្រី គឺលោក ស៉ីវីយ៉ូ ប៊ឺលូសខូនី (Silvio Berlusconi) និង លោក ម៉ាតតេអូ សាលវីនី (Matteo Salvini) កំពុងស្រពិចស្រពិលលើបញ្ហានេះ ដោយសារតែទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ពួកគេ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន៕