(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីបានប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ព៧០នាក់ ទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយបង្វឹកទាហានអ៊ុយក្រែននៅទីនោះ ហើយនឹងផ្តល់រថពាសដែកចំនួន ៣០គ្រឿងបន្ថែមទៀត ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំង ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា កងទ័ពអូស្រ្តាលីខាងលើ នឹងធ្វើដំណើទៅដល់​ចក្រភពអង់គ្លេសនៅខែមករា ឆ្នាំ២០២៣។ លោក ម៉ាល បានលើកឡើងដូច្នេះថា «យើងដឹងច្បាស់ថា អ៊ុយក្រែនត្រូវការការគាំទ្ររយៈពេលវែង ប្រសិនបើយើងចង់ជួយឱ្យអ៊ុយក្រែនស្ថិតនៅជំហរមួយ ដែលអាចដោះស្រាយវិបត្តិនេះ តាមលក្ខខណ្ឌដែលអុយក្រែនចង់បាន»។ សម្រាប់រថពាសដែក៣០គ្រឿង ដែលអូស្រ្តាលីនឹងផ្តល់ឱ្យទីក្រុងកៀវបន្ថែមនោះ គឺប្រភេទ ដឹ ប៊ូសម៉ាស្ទើ (The Mushmaster)។

គួរបញ្ជាក់ថា អូស្រ្តាលីគឺជាប្រទេសមិនមែនសមាជិកអង្គការ NATO ដែលបានចូលរួមចំណែកដ៏ធំមួយ ទៅក្នុងកិច្ចប្រឹងប្រែងគាំទ្ររបស់​ក្រុមលោកខាងលិចសម្រាប់អ៊ុយក្រែន ដោយបានផ្តល់ជំនួយនិងសម្ភារយោធាផ្សេងៗដល់ទីក្រុងកៀវ ហើយដាក់បម្រាមការនាំចេញ​វត្ថុធាតុដើមសំខាន់ៗ ទៅកាន់ប្រទេសរុស្ស៉ីថែមទៀតផង។ មិនតែប៉ុណ្ណោះ អូស្រ្តាលីក៏បានដាក់ទណ្ឌកម្មលើបុគ្គលនិងស្ថាប័នរុស្ស៉ីរាប់រយផងដែរ។ កញ្ចប់ជំនួយចុងក្រោយ នាំឱ្យការគាំទ្ររបស់អូស្រ្តាលីសម្រាប់អ៊ុយក្រែន កើនដល់ខ្ទង់៦៥៥លានដុល្លារអូស្រ្តាលី ឬស្មើនឹង៤២៥លានដុល្លារអាមេរិក គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ៕