(ម៉ាឌ្រីដ)៖ ប៉ូលិសបាននិយាយថា មនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួស បន្ទាប់ពីប៉ូលិសប្រដាប់អាវុធបានចូលអន្តរាគមន៍នៅក្នុងការបាញ់ប្រហារមួយ ដែលបង្កឡើងដោយការឈ្លោះប្រកែកគ្នារវាងបុរសម្នាក់ និងឪពុករបស់ខ្លួន នៅភាគកណ្តាលប្រទេសអេស្ប៉ាញនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើង និងប៉ូលីសម្នាក់ត្រូវបានបាញ់សម្លាប់នៅផ្ទះដែលស្ថិតក្នុងភូមិមួយ ចម្ងាយប្រហែល ២៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Madrid ។

ឧបទ្ទវហេតុនេះកើតចេញពីជម្លោះក្នុងគ្រួសាររវាងខ្មាន់កាំភ្លើងអាយុ ៥០ឆ្នាំនិងឪពុករបស់គាត់អាយុ៨១ឆ្នាំ។ ពេលអ្នកជិតខាងដែលជាប៉ូលីសព្យាយាមអន្តរាគមន៍ ខ្មាន់កាំភ្លើងក៏ចាប់ផ្តើមបាញ់។

ក្រុមប្រតិបត្តិការពិសេសមកពីទីក្រុង Ciudad Real ត្រូវបានគេហៅចូលអន្តរាគមន៍ ហើយបានបាញ់សម្លាប់ខ្មាន់កាំភ្លើង។ ប៉ូលិស​ម្នាក់​​ត្រូវ​បាន​បាញ់​ចំ​ជើង ខណៈ​មន្ត្រី​ម្នាក់ទៀត​រង​របួស​ដោយ​គ្រាប់​កាំភ្លើងផងដែរ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ប៉ូលិស​បាន​និយាយ​ថា ឪពុក​បាន​រត់​គេច​ខ្លួន​ដោយ​មាន​ស្នាម​របួស៕