(ឡុងដ៏)៖ រដ្ឋមន្រ្តីការពារជាតិហូឡង់ លោកស្រី ខាចសា អូឡុនគ្រិន (Kajsa Ollongren) បាននិយាយនៅថ្ងៃអង្គាសប្តាហ៍នេះថា អង់គ្លេសគ្រោងនឹងចូលរួមក្នុងគម្រោង «ចល័តយោធា» របស់សហភាពអឺរ៉ុបឡើងវិញ ដែលមានគោលដៅបង្កើននៃការចល័តយោធា នៅតំបន់អឺរ៉ុប ជាពិសេសក្នុងករណីមានសង្រ្គាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ថ្លែងប្រាប់កាសែតអង់គ្លេស The Times លោកស្រី អូឡុនគ្រិន បានគូសបញ្ជាក់ថា គេរំពឹងថាក្រុមរដ្ឋមន្រ្តីរបស់ប្លុកនេះ នឹងអនុម័តលើការវិលត្រឡប់របស់អង់គ្លេសមកកាន់គម្រោងនេះវិញ នៅដើមខែវិច្ឆិកា ក្រោយការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit។ បើតាមលោកស្រី អូឡុនគ្រីន ផែនការទទួលយកអង់គ្លេសមកវិញ គឺមានពាក់ព័ន្ធយ៉ាងខ្លាំង ទៅនឹងស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។

យ៉ាងនេះក្តី លោកស្រី អូឡុនគ្រិន បានកត់សម្គាល់ថា ការចល័តយោធាមិនមែនជាបញ្ហាចាំបាច់ខ្លាំងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់របស់វាថា «ប្រសិនបើមានសង្រ្គាម គឺយើងត្រូវតែដឹងអំពីដំណើរការនីតិវិធី ដើម្បីទទួលបានរបស់ដែលយើងត្រូវការ និងមនុស្សដែលត្រូវការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយទៀត»

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមខាងលើនេះ ដឹកនាំដោយប្រទេសហូឡង់ ដែលនឹងស្វែងរកការសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន និងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដើម្បីបញ្ជូនបុគ្គលិក ឬសម្ភារយោធា ទៅកាន់តំបន់ជួរមុខឲ្យបានឆាប់រហ័ស ក្នុងករណីមានតម្រូវការចាំបាច់៕