(ប៉េកាំង)៖ ថ្ងៃទី២៥ ខែតុលា ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិន បានចេញផ្សាយអត្ថបទពិសេសមួយ ដែលមានអក្សរជាង ២ ម៉ឺនតួក្រោមចំណងជើងថា «លោក Xi Jinping ៖ អ្នកនាំផ្លូវនៃដំណើរថ្មី» ដែលបានបង្ហើបពីចំណុចលម្អិតនៃជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិន ដើម្បីបង្ហាញពីមូលដ្ឋានគំនិតនិងទ្រឹស្តីរបស់លោក ក្នុងការងារអភិបាលកិច្ចរដ្ឋនិងបក្ស។

ក្នុងកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលបានបើកធ្វើនៅប៉ុន្មានថ្ងៃមុន លោក Xi Jinping ត្រូវបានជ្រើសតាំងឱ្យបន្តតំណែងជាអគ្គលេខាធិការបក្ស។ តាមទម្លាប់ ទីភ្នាក់ងារព័ត៌មានផ្លូវការ បានចុះផ្សាយអត្ថបទ ពិសេសដើម្បីណែនាំពីមេដឹកនាំកំពូលនៃបក្សកាន់អំណាច។

អត្ថបទពិសេសនេះ បានណែនាំយ៉ាងលម្អិតនូវជីវប្រវត្តិសំខាន់ៗរបស់លោក Xi Jinping ដូចជាដំណើរធំធាត់ ការអប់រំក្នុងគ្រួសារ ប្រវត្តិបម្រើការងារ និងសមិទ្ធផលនៃការកាន់អំណាចជាដើម។

អត្ថបទបានលើកឡើងថា ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនដែលចាប់កំណើតក្រោយ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping មានចំណាប់អារម្មណ៍ផ្ទាល់នូវ «ការក្រោកឈរឡើង» នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមធ្វើកំណែទម្រង់ដោយទឹកចិត្តក្លៀវក្លា បានចាត់ចែងរៀបចំប្រព័ន្ធអភិវឌ្ឍន៍យូរអង្វែង របស់ប្រទេសចិន ក្នុងគោលបំណងដឹកនាំប្រជាជនចិនគ្រប់ជនជាតិឱ្យ «ខ្លាំងក្លាឡើង»។ លោកទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាជន ក៏ត្រូវបានអ្នកស្រាវជ្រាវអន្តរជាតិ និងប្រមុខរដ្ឋប្រទេសជាច្រើនទទួលស្គាល់ និងកោតសរសើរខ្លាំងផងដែរ ។

អត្ថបទបានបង្ហាញថា ពេលចូលកាន់មុខតំណែងកាលពី១០ឆ្នាំមុន ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក តែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាបញ្ហាពុករលួយ ការបំពុលបរិស្ថាន គម្លាតរវាងអ្នកក្រីក្រនិងអ្នកមានជាដើម លោកបានអនុវត្តយុទ្ធសាស្ត្រដែលគ្រប់គ្រងបក្ស យ៉ាងមឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ បានដើរតួនាទីសំខាន់ក្នុង ការស្តារបក្សកាន់អំណាច។លោកបានលើកឡើងថា ប្រជាធិបតេយ្យរបស់ប្រទេសចិនជាប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរទាំងមូល និងសម្រាប់ដោះស្រាយបញ្ហាដែលប្រជាជនត្រូវការ មិនមែនជាប្រជាធិបតេយ្យបែបផែននិយម ដែលមានសិទ្ធិប្រជាធិបតេយ្យពេលបោះឆ្នោតជ្រើសរើស ហើយគ្មានសិទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបោះឆ្នោតរួចនោះទេ។

ក្នុងឋានៈជាប្រធានរដ្ឋចិនទី១ ដែលធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋធម្មនុញ្ញ ការធ្វើឱ្យមាននីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ដែលលោកបាននិងកំពុងជំរុញជាបដិវត្តន៍ ដ៏ស៊ីជម្រៅមួយក្នុងការគ្រប់គ្រងរដ្ឋ។ លោកបានចាត់ទុក «ការអភិវឌ្ឍត្រូវតម្កល់ប្រជាជនជាស្នូល» ជាកម្មវត្ថុ ហើយលើកឡើងគំនិតអភិវឌ្ឍន៍ថ្មីប្រកបដោយភាពច្នៃប្រឌិតថ្មី ស៊ីសង្វាក់ បៃតង បើកទូលាយនិងចែករំលែក ព្រមទាំងជំរុញវិបុលភាពរួមរបស់ប្រជាជនទាំងមូល។

អត្ថបទបានបង្ហាញម្តងទៀតដោយលម្អិតជាច្រើននូវភាពតស៊ូ ភាពក្លាហាននិងភាពស្វិតស្វាញរបស់លោកXi Jinping។ អត្ថបទបានចែងថា ប្រឈមមុខនឹងការលំបាក លោកមិនដែលរាថយទេ លោកមិនដេលបោះបង់ឧត្តមគតិឡើយ។

អត្ថបទក៏បានរំលឹកឡើងវិញអំពីទិដ្ឋភាពនៃដំណើរទស្សនកិច្ច នៅបរទេស ការចូលរួមសន្និសីទអន្តរជាតិនិងជំរុញ គំនិតផ្តួចផ្តើមនិងវិធានការឆ្លើយតបបញ្ហាសកលមួយចំនួនរបស់លោក Xi Jinping ។ លោកបានកោតសរសើរចំពោះ ពិពិធកម្មនៃអរិយធម៌មនុស្សជាតិ ហើយចង់ធ្វើឱ្យអរិយធម៌ពិភពលោកមានការអភិវឌ្ឍទន្ទឹមគ្នា។ សហគមន៍រួមវាសនាមនុស្សជាតិ ដែលលើកឡើងដោយលោកត្រូវបានដាក់បញ្ចូល ក្នុងលក្ខន្តិកៈបក្សនិងរដ្ឋធម្មនុញ្ញចិនក៏ដូចជាចារ ក្នុងឯកសារសំខាន់នៃអង្គការសហប្រជាជាតិ។

អត្ថបទនេះបានលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនដែលដឹកនាំដោយលោក Xi Jinping គឺដើម្បីដោះស្រាយបញ្ហាជាច្រើន ក្នុងការអភិវឌ្ឍនៃសង្គមមនុស្ស ហើយត្រូវបានចាត់ទុកថា កំពុងបង្កើតជាទម្រង់ថ្មី នៃអរិយធម៌មនុស្សជាតិ។ យោងតាមផែនទីបង្ហាញផ្លូវ នៃការអភិវឌ្ឍរបស់លោក Xi Jinping ដល់ឆ្នាំ២០៣៥ ប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត នៅលើពិភពលោកនឹងសម្រេចបាន នូវការធ្វើទំនើបកម្មជាមូលដ្ឋាន ដែលមានន័យថា ប្រជាជនជាងមួយពាន់លាននាក់ បានឈានចូលជីវភាពទំនើបដែលជាដំបូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ប្រទេសចិនសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ នៅក្នុងដំណើរទំនើបកម្មនៃពិភពលោក តាមវិធីពិសេសរបស់ខ្លួន គឺជាការរួមចំណែកដ៏ធំបំផុតរបស់បក្សកុម្មុយនិស្តចិន ក្នុងបុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិ។

នៅចុងបញ្ចប់ អត្ថបទនេះបានលើកឡើងថា ការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ដំណើរថ្មីដែលកសាងពិភពលោក ប្រកបដោយសន្តិភាពយូរអង្វែង មានសន្តិសុខទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាប័ន្ននិងស្រស់ ស្អាតតាមរយៈការកសាងសហគមន៍រួមវាសនាមនុស្សជាតិ បានចាប់ផ្តើមហើយ។ អត្ថបទនេះបញ្ចប់ដោយឃ្លាបុរាណចិន «道阻且长,行则将至» មានន័យថា ទោះបីផ្លូវវែងឆ្ងាយនិងលំបាកយ៉ាងណាក៏ដោយ ទីបំផុតនឹងអាចទៅដល់ដោយការខិតខំតស៊ូ៕

វិទ្យុមិត្តភាពកម្ពុជាចិន