(ប៉េកាំង)៖ ល្ងាចថ្ងៃទី២៥ ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពីការសិក្សានិងអនុវត្តស្មារតីសមាជបក្សលើកទី២០។ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សបានគូសបញ្ជាក់ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះថា សមាជបក្សលើកទី ២០ ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនទាំងនយោបាយ ទ្រឹស្តី និងការប្រព្រឹត្តិជាក់ស្តែង បានកំណត់គោលដៅនិងយុទ្ធសាស្ត្រ នៃការអភិវឌ្ឍបុព្វការបក្សនិងរដ្ឋក្នុងដំណើរការថ្មី ជាប្រកាសនយោបាយនិងគោលការណ៍សកម្មភាពនៃបក្ស ដើម្បីដឹកនាំប្រជាជនកសាង ប្រទេសសង្គមនិយមទំនើបនិងការស្តារ ភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ។ បក្សទាំងមូលត្រូវអនុវត្តគោលដៅជាភារកិច្ចដែលសមាជបក្សលើកទី២០បានលើកឡើង ខិតខំតស៊ូដើម្បីទទួលបានជោគជ័យថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ពេលអញ្ជើញធ្វើសេចក្តីរាយការណ៍ការងារបក្ស ក្នុងសមាជបក្សលើកទី២០ លោក Xi Jinping បានលើកឡើងវិធានការមួយចំនួន អំពីការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ ក្នុងចំណោមនោះ នៅវិស័យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លោកបានលើកឡើងថា ទី១ បង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់។ ទី២ កសាងប្រព័ន្ធឧស្សាហកម្មទំនើប។ ទី៣ជំរុញនយោបាយអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ ទី៤ ជំរុញការអភិវឌ្ឍដោយសមរម្យក្នុងតំបន់។ ទី៥ ជំរុញការបើកទូលាយកម្រិតខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន