(ប៉េកាំង)៖ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដែលត្រូវបានបិទបញ្ចប់ក្រោមសម្លេងស្នូរទះដៃអបអរសាទរ យ៉ាងលាន់រំពងពិភពលោកពីសំណាក់ប្រជាជនចិននិងប្រជាជននៅលើពិភពលោក សារលិខិតជូនពរមកពីបរទេស ដែលមានប្រភពពីថ្នាក់ដឹកនាំ ពីតំណាងគណបក្សនយោបាយ ពីសង្គមស៊ីវិល ពីក្រុមបញ្ញាញាណជាន់ខ្ពស់ បានជ្រើសរើសគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយដែលមានសមាជិកចំនួនប្រាំពីររូប តំណាងឲ្យអំណាចនយោបាយកំពូលនៅក្នុងប្រទេសចិន។

ដោយប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន និងដោយមានលោក ស៊ី ជីនភីង ជាស្នូល បក្សកុម្មុយនិស្តិចិនបាននិងកំពុង រក្សានិងបង្កើនឧត្តមានុភាពរបស់ខ្លួន ហើយបានបន្តដំណើរយ៉ាងស្វាហាប់ឈានទៅមុខ ស្របតាមលទ្ធិម៉ាក្សនិយមរួម ជាមួយនឹងស្ថានភាពប្រទេសចិននាពេលបច្ចុប្បន្ន ព្រមទាំងជំរុញឲ្យមាននវានុវត្តន៍ខាងផ្នែកទ្រឹស្ដី និងខាងការអនុវត្តដោយសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិនបានអនុម័តជាឯកច្ឆ័ន្ទបន្ថែម លទ្ធផលអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង ដែលនេះជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសចិនគិតដល់ឆ្នាំ២០៣៥ ក្នុងការសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ហើយក្នុងពាក់កណ្តាលសតវត្សរ៍នេះមាគ៌ា នៃកសាងប្រទេសចិនឱ្យក្លាយជា ប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន «គោលដៅតស៊ូមួយរយឆ្នាំទី២»។

ក្នុងន័យនេះជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញតាមការធ្វើទំនើបកម្មបែបផែនចិន ជាភារកិច្ចសារវន្តដែលបក្សកុម្មុយនិស្តចិន បានដាក់ទិសដៅរបស់ខ្លួនប្រកបដោយត្រីវិស័យនយោបាយ ដែលគោរពបានយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ហើយដែលលោក ស៊ី ជីនភីង បានប្រើពាក្យពេចន៍ដ៏សាមញ្ញតែពោរពេញ ដោយអត្ថន័យមហាសាលគឺ «ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ» ក្នុងស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការទទួលដំណើរវិលត្រឡប់របស់កោះតៃវ៉ាន់ មកកាន់មាតុភូមិរបស់ខ្លួនវិញ។

ដោយពង្រឹងការចាត់ទុកសុខភាពរបស់ប្រជាជន ក្នុងយុទ្ធសាស្រ្តជាតិជាអាទិភាព បក្សកុម្មុយនិស្តចិនដែលមានដើមកំណើត ពីប្រជាជន ទទួលបានអំណាចពីប្រជាជន នឹងបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គ្រប់យ៉ាងគឺសម្រាប់ប្រជាជន ពឹងផ្អែកលើប្រជាជន ឲ្យតម្លៃទៅលើភាពអង់អាចរបស់ប្រជាជន បង្កើតនូវគំនិតថ្មី និងការច្នៃប្រឌិតផ្សេងៗ និងជំរុញបុព្វហេតុទៅមុខដើម្បីជា ប្រយោជន៍ឲ្យប្រជាជន និងការគោរពជំហរជារបស់ប្រជាជន ដោយធានាថាប្រជាជនចិនជាម្ចាស់របស់ប្រទេសចិន។

ឧត្ដមគតិរបស់បក្សកុម្មុយនិស្តចិនជាឧត្តមគតិដ៏ខ្ពង់ខ្ពស់ ហើយជាភារកិច្ចបែបយុទ្ធសាស្រ្ត ដើម្បីរក្សាការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការកសាងសង្គមមួយ ប្រកបដោយវិបុលភាពពេញលេញ និងដើម្បីស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។ ដោយប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ ប្រទេសចិនបានត្រៀមខ្លួនយ៉ាងរឹងមាំ នៅក្នុងកិច្ចប្រកៀកស្មារជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោកដើម្បីបន្តផលិតនំខេកផលប្រយោជន៍ ដែលទទួលបានពីការអភិវឌ្ឍ។

លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ជានិច្ចកាលប្រទេសចិនតែងតែផ្សព្វផ្សាយគុណតម្លៃរួម របស់មនុស្សជាតិ បន្តជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ហើយសំដៅឆ្ពោះទៅកាន់ អនាគតរួមវាសនា នោះប្រទេសចិននឹងបន្តបើកទ្វារចំហ កាន់តែទូលំទូលាយ បង្កើតកាលានុវត្តភាពកាន់ធំ និងពង្រីកផលប្រយោជន៍ កាន់តែច្រើន ដល់ពិភពលោកតាមរយៈគំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍសកល។

លើសពីនេះស្មារតីពហុភាគីនិយម ដែលចិនតែងបានប្រកានខ្ជាប់យ៉ាងម៉ឹងម៉ាត់កំពុងអត្ថិភាព ជាគុណតម្លៃរួមរបស់មនុស្សជាតិ ដែលជាចំណែកដ៏សកម្មរបស់ ប្រទេសចិនក្នុងការថែរក្សាសន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញកសាងសកលលោក ដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន។

ដោយប្រកាន់ខ្ជាប់នូវការបន្តវេនហ្សេនអរិយធម៌វិបុលភាពមនុស្សជាតិ ប្រជាជាតិចិនបានបញ្ជាក់នូវទឡ្ហីករណ៍ ជាច្រើននៃការប្រតិបត្តិតាមទស្សនៈរបស់ឡៅជឺ ខុងជឺ និងបណ្តាទស្សនវិទូចិនជាច្រើនក្នុងរយៈពេលជាង ២៥០០ឆ្នាំកន្លងមកនេះ ។ ទស្សនៈដូចជា «យកការរាប់អានគ្នាដោយសន្តិភាពជាអាទិភាព» «ជួយអ្នកដទៃប្រកបដោយចិត្តធម៌» «បើមិនចង់ទទួលទង្វើណាមួយពីអ្នកដទៃ សូមកុំសាងទង្វើនោះទៅកាន់អ្នកដទៃ» ជាដើម បានបន្តពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងប្រទេសចិន ហើយក៏បានចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងស្មារតីប្រជាជនចិន និងបញ្ជាក់យ៉ាងច្បាស់ តាមរយៈសកម្មភាពរបស់ប្រជាជនចិនទៀតផង។

តាមរយៈហ្សេននេះ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលមិនត្រឹមផ្តល់ជូន នូវជីវភាពរស់នៅរបស់ប្រជាជន ប្រកបដោយវិបុលភាព ការចុះសម្រុងគ្នារវាងអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណ ភាពសុខដុមរមនានៃការរួមរស់នៅជាមួយគ្នា រវាងមនុស្សនិងធម្មជាតិ និងមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពរបស់ប្រជាជនចិន ប៉ុណ្ណោះទេ មនុស្សជាតិនៅលើពិភពលោក កំពុងភ្លក្សនិងទទួលបាននូវផ្លែផ្កានៃសមិទ្ធផលដ៏អស្ចារ្យនេះ។

សមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន ជាសក្ខីភាពបញ្ជាក់យ៉ាងប្រត្យក្សថា ប្រទេសចិនបាននិងកំពុងផ្តល់នូវកាលានុវត្តភាព អភិវឌ្ឍន៍ថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ជំរុញការកសាងសេដ្ឋកិច្ចបែបបើកទូលាយ ដូចដែលបានគូសបញ្ជាក់ នៅក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាទឡ្ហីករណ៍។ ជារួម សមិទ្ធផលក្នុងទស្សវត្សរ៍កន្លងមកនេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ហើយជាការផ្លាស់ប្តូរយ៉ាងសំខាន់ៗ នៅក្នុងជីវិតរបស់ប្រជាជនចិននិយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម។

អង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន បានផ្តល់ទំនុកចិត្តកាន់តែខ្លាំងលើលោក ស៊ី ជីនភីង ជាអគ្គលេខាធិការ ជាសញ្ញាបញ្ជាក់ថាប្រទេសចិនកំពុង ចូលដល់យុគសម័យថ្មីនៅក្នុងមហាវិថីល្បឿនលឿន ក្នុងការកសាងប្រទេសចិន តាមមាគ៌ាសង្គមនិយមទំនើបកម្ម ប្រកបដោយវិបុលភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅឆ្ពោះទៅសម្រេចបានយ៉ាងរលូន នូវគោលដៅតស៊ូមួយរយឆ្នាំទី២ក្នុងការស្តារភាពអស្ចារ្យនៃប្រជាជាតិចិនឡើងវិញផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន