(ហ្សាកាតា)៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៉ី បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកមនុស្សចំនួន៦នាក់ បានធ្លាក់ នៅតំបន់ភ្នំកាម៉េរូន ហាយលេន (Cameron Highlands) នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ដោយដកស្រង់សម្តីរបស់ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ ប្រចាំរដ្ឋភឺរ៉ាក់ (Perak) លោក អាស់មី អូសម៉ាន់ (Azmi Osman) កាសែត The Star បានរាយការណ៍ថា អ្នកដែលជិះលើយន្តហោះរួមមានអ្នកបើកបរ និងមនុស្ស៦នាក់ ដែលគេជឿថាជាបុគ្គលិកក្រសួងសុខាភិបាល។ ចំណែកប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៉ីមួយទៀត គឺ Astro Awani បានរាយការណ៍ថា មនុស្សទាំងង៦នាក់ គឺនៅរស់រានមានជីវិតទាំងអស់។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលម៉ាឡេស៉ី (CAAM) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានទទួលសញ្ញាជូនដំណឹងអំពីឧបទ្ទវហេតុ ដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ Airbus AS 355 F2 នៅវេលាម៉ោង១និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) នៅជិតទីក្រុងតាណារ៉ាតា (Tanah Rata) នៃតំបន់ Cameron Highlands។

លោក ឆេសស្ទឺ វូ (Chester Voo) នាយកប្រតិបត្តិ CAAM បាននិយាយថា «ការស៊ើបអង្កេតសុវត្ថិភាពនឹងត្រូវបានធ្វើឡើង ដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់អាកាស នៃក្រសួងដឹកជញ្ជូនម៉ាឡេស៊ី»

ឧទ្ធម្ភាគចក្រខាងលើនេះ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ឡាយ៉ាង ឡាយ៉ាង អារ៉ូស្ពេស អេសឌីអិន ប៊ីអេចឌី (Layang Layang Aerospace Sdn Bhd) ដោយធ្វើដំណើរទៅកាន់ទីក្រុងតាន់ជុង រាំប៊ូតាន់ (Tanjung Rambutan) នៃរដ្ឋភឺរ៉ាក់ (Perak)៕