(តូក្យូ)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ការព្រមានខាងលើត្រូវបានចេញនៅថ្ងៃពុធនេះ ចំពោះមុខការបន្តបង្ហាញក្តីបារម្ភពីសំណាក់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ដែលថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងតូក្យូ ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី (Takeo Mori) និង​អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ចូ យុនដុង (Cho Hyun-dong) បាននិយាយដូច្នេះថា «យើងបាន​ឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៧»។

នាឱកាសនោះ លោកស្រី សឺមែន បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុតទៅទៀត និងបានអះអាងផងដែរថា សហរដ្ឋអាមេរិកប្រើប្រាស់សមត្ថភាពយោធាគ្រប់បែបយ៉ាង ដើម្បីការពារជប៉ុននិងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ បើតាមការសង្កត់ធ្ងន់របស់លោកស្រី កូរ៉េខាងជើងត្រូវតែយល់ឱ្យច្បាស់អំពី ការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកចំពោះ សន្តិសុខនៃប្រទេសជប៉ុននិងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តសព្វាវុធ ក្នុងសន្ទុះមិនដែលឃើញពីមុនមកនោះទេ ដោយក្នុងកំលុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្ត​មីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយខ្លី និងមធ្យមច្រើនជាង២០គ្រាប់ ក្នុងនោះរួមមាន​ទាំងការបាញ់មីស៉ីលផ្លោង១គ្រាប់ ហោះរំលងជប៉ុនថែមទៀតផង៕