(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងប្រឈមមុខនឹងការពន្យារពេលផលិតអាវុធ ក៏ដូចជាការខាតបង់នៅក្នុងសមរភូមិ បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមរបស់លោក បង្កើនលទ្ធភាពបំពាក់អាវុធ និងផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដល់កងទ័ពរុស្ស៉ី ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

បញ្ហាខ្វះខាតការផ្គត់ផ្គង់របស់យោធារុស្ស៊ី នៅក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេល៨ខែ មកនេះ តម្រូវឲ្យលោក ពូទីន បង្កើតរចនាសម្ព័ន្ធថ្មីមួយ ដើម្បីព្យាយាមដោះស្រាយបញ្ហា។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ពូទីន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការថ្មីមួយ ដែលបង្កើតឡើងដើម្បីពន្លឿនការផលិត និងការចែកចាយសព្វាវុធ ក៏ដូចជាការផ្គត់ផ្គង់សម្រាប់កងទ័ពរុស្ស៊ី ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី «ទទួលបានអត្ថប្រយោជន៍ខ្ពស់ នៅគ្រប់វិស័យ»

ដើម្បីជំនួសអាវុធរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ដែលខ្វះខាតកាន់តែខ្លាំងឡើង ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ីឥឡូវនេះទំនងជាងាកទៅពឹងផ្អែកលើ ការប្រើប្រាស់យន្តហោះដ្រូន ដើម្បីវាយលុកប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ខណៈគ្រាប់កាំភ្លើងធំរបស់រុស្សីក៏កាន់អស់ទៅៗផងដែរ។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ព័ត៌មានរបស់រុស្ស៊ីផ្ទាល់ បានទទួលស្គាល់ថា ភាគច្រើននៃអ្នកដែលត្រូវបានកែន ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ចំនួន២២២,០០០នាក់ ជាតួលេខដែលផ្តល់ដោយលោកប្រធានាធិបតីរុស្ស៊ី ក្នុងចំណោមគោលដៅដំបូងចំនួន៣០០,០០០ នាក់ គឺមិនទទួលបាននូវឧបករណ៍ជាមូលដ្ឋានគ្រប់គ្រាន់ ដូចជាសម្ភារវេជ្ជសាស្ត្រ ឬអាវក្រោះការពារ ជាដើម ហើយត្រូវស្វែងរកការផ្គត់ផ្គង់ដោយផ្ទាល់ឯងខ្លួន៕