(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងឡាយ កុំទាន់វិលត្រឡប់មកប្រទេសវិញ រហូតទាល់តែយ៉ាងហោចដល់និទាឃរដូវ (រដូវស្លឹកឈើលាស់) ដើម្បីជួយបន្ថយសម្ពាធលើប្រព័ន្ធថាមពល របស់អ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ដោយសំដៅទៅកាន់ជនភៀសខ្លួនអ៊ុយក្រែន ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី អ៉ីរីណា វេរេសឈូក (Iryna Vereshchuk) បាននិយាយដូច្នេះថា «ប្រសិនបើអាចទៅរួច អ្នកទាំងអស់គ្នាគួរតែបន្តស្នាក់នៅក្រៅប្រទេស អំលុងរដូវរងានេះ»។ លោកស្រីបន្តថា ទោះលោកស្រីចង់ឱ្យប្រជាជនអ៊ុយក្រែន ត្រឡប់មកវិញនៅអំលុងរដូវស្លឹកឈើលាស់ក៏ដោយ វាចាំបាច់ដែលពួកគេត្រូវអត់ធ្មត់ កុំទាន់ត្រឡប់មកវិញសម្រាប់ពេលនេះ ព្រោះស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។

លោកស្រីឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានបន្ថែមថា រុស្ស៉ីកំពុងតែបរាជ័យលើសមរភូមិ ដែលជាហេតុបង្ខំឱ្យទីក្រុងមូស្គូងាកមក ធ្វើសកម្មភាពវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដើម្បីបង្កទុក្ខលំបាកដល់ប្រជាជនអ៊ុយក្រែន។ អ៊ុយក្រែនបានជួបប្រទះ បញ្ហាដាច់ចរន្តអគ្គិសនីជាញឹកញាប់ ចាប់ពីរុស្ស៉ីបានផ្តោតការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន តាំងតែពីថ្ងៃទី១០ ខែតុលាមក ជាពិសេសលើស្ថានីយផលិតនិងបញ្ជូនអគ្គិសនី។ បើតាមការះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានបំផ្លាញវិស័យថាមពលរបស់ប្រទេសលោក​ ជាងមួយភាគបីហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈមក ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានកត់ត្រាចំនួនជនភៀសខ្លួនសរុបកើនដល់ជាង ៧.៧លាននាក់ ពីប្រទេសអ៊ុយក្រែន ដែលបានរត់ទៅជ្រកកោន នៅតាមប្រទេសផ្សេងៗក្នុង​តំបន់អឺរ៉ុប រួមទាំងរុស្ស៉ី ក្នុងចំណោមប្រជាជនអ៊ុយក្រែនសរុបខ្ទង់ ៤៤លាននាក់៕