(ប៉េកាំង)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សមាជកុម្មុយនីស្តចិនលើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស អាណត្ដិទី១៩។ «សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី របស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ មកទៅក្នុងលក្ខន្តិកៈបក្ស»។ ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេស ប្រទេសចិនក្នុងយុគសម័យថ្មី របស់លោក Xi Jinping ហើយអនុវត្តគំនិតនេះពេញដំណើរការទាំងមូល នៃវិស័យនានារបស់ការងារបក្សនិងរដ្ឋ។

លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន។ យោងតាមតម្រូវការនៃការឆ្នៃប្រឌិតថ្មី ផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែងរបស់បក្ស ធ្វើវិសោធនកម្មដោយសមរម្យចំពោះលក្ខន្តិកៈបក្ស ដើម្បីធ្វើឱ្យលក្ខន្តិកៈបក្សកាន់តែសមស្របទៅនឹង សំណូមពរថ្មីដែលយុគសម័យថ្មីនិងភារកិច្ចថ្មី បានលើកឡើងដល់ការងារបក្សនិងកិច្ចកសាងបក្ស វាគឺជាភាពចាំបាច់នៃប្រវត្តិសាស្ត្រ ជាភាពចាំបាច់នៃយុគសម័យ ហើយក៏ជាសេចក្តីប្រាថ្នារួមរបស់បក្សនិងប្រជាជនផងដែរ។ ការអនុវត្ត គ្មានទីបញ្ចប់នោះទេ ការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីក៏គ្មានទីបញ្ចប់នោះដែរ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងក្នុងរបាយការណ៍ការងារ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថា «ការបន្តសរសេរទំព័រថ្មីនៃការអនុវត្តលទ្ធិម៉ាក្សនិយម នៅប្រទេសចិននិងនៅយុគសម័យថ្មីដោយឥតឈប់ឈរ គឺជាទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ឧឡារិករបស់កុម្មុយនីស្តចិន ក្នុងសម័យបច្ចុប្បន្ន»។ លក្ខន្តិកៈបក្សដែលត្រូវបានធ្វើវិសោធនកម្មនោះ ក៏បានដាក់បញ្ចូលខ្លឹមសារ ដូចជា «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល» «គុណតម្លៃរួមរបស់មនុស្សជាតិ» «ពង្រីកស្មារតីតស៊ូព្យាយាម និងបង្កើនសមត្ថភាពតស៊ូ» «ដឹកនាំបដិវត្តន៍ដ៏មហិមាក្នុងសង្គមក្រោម ការជំរុញពីការបដិវត្តន៍ខ្លួនឯងដ៏មហិមា» និង «រៀបចំចាត់ចែងជាទូទៅនូវការអភិវឌ្ឍនិងសន្តិសុខ» ជាដើម ដែលបានបង្ហាញឱ្យឃើញនូវសមិទ្ធផល ក្នុងការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តី ការអនុវតជាក់ស្តែងអំពីការឆ្នៃប្រឌិតថ្មី និងការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធរបបរបស់បក្ស តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ មក។

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងនូវការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន ដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលបានលើកឡើង ហើយបានកំណត់ជាភារកិច្ចស្នូល របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី និងដំណើរថ្មី ខ្លឹមសារទាំងនេះ ក៏ត្រូវបានដាក់បញ្ចូលក្នុងលក្ខន្តិកៈបក្ស រួចរាល់ហើយផងដែរ ។

ការអនុវត្តន៍ជាក់ស្តែងបានបញ្ជាក់ថា ការដាក់បញ្ចូលសមិទ្ធផលសំខាន់ៗ នៃការច្នៃប្រឌិតថ្មីផ្នែកទ្រឹស្តីនិងការអភិវឌ្ឍជាក់ស្តែង របស់បក្ស ក្នុងលក្ខន្តិកៈបក្ស វាមានអំណោយផលដល់ការជំរុញបុព្វហេតុ នៃបក្សនិងរដ្ឋឱ្យបានកាន់តែល្អ ក៏ដូចជា មានអំណោយផលដល់បក្សទាំងមូល ក្នុងការអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរក្លាយទៅជា ការពិតជាក់ស្តែងដ៏រស់រវើកជាសន្សឹមៗ។

លោក Xie Chuntao តំណាងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងជាអនុប្រធាននៃសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន ត្រូវបានអនុម័ត វាពិតជានឹងអាចណែនាំដោយគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យមានបទដ្ឋាននូវការកសាងបក្សនិងឥរិយាបថបក្ស ហើយច្បាស់ជានឹងធ្វើឱ្យបក្សកុម្មុយនីស្តចិន ក្លាយជាស្នូលដឹកនាំនៃប្រជាជនចិនទាំងអស់ និងជាស្នូលដឹកនាំនៃបុព្វហេតុកសាងសង្គមនិយម ប្រកបដោយលក្ខណៈពិសេសប្រទេសចិនជាក់ជាមិនខាន។

អ្នកនាំពាក្យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានមានប្រសាសន៍ថា ការងារធ្វើវិសោធនកម្មលក្ខន្តិកៈបក្សលើកនេះ ត្រូវដាក់បញ្ចូលនូវទស្សនៈទ្រឹស្ដីសំខាន់ៗ និងគំនិតយុទ្ធសាស្ត្រសំខាន់ៗ ដែលបានកំណត់ដោយរបាយការណ៍ការងារ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ទៅក្នុងលក្ខន្តិកៈបក្ស និងខិតខំធ្វើឱ្យលក្ខន្តិកៈបក្ស ដែលត្រូវបានធ្វើវិសោធនកម្មនេះ អាចបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលថ្មីបំផុត នៃការអនុវត្តលទ្ធិម៉ាក្សនិយមនៅប្រទេសចិន និងនៅយុគសម័យថ្មី បង្ហាញយ៉ាងពេញលេញនូវ ទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មី ស្តីពីអភិបាលកិច្ចជាតិ ដែលលើកឡើងដោយមជ្ឈិមបក្ស តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩មក ក៏ដូចជាបង្ហាញយ៉ាងពេញលេញ នូវបទពិសោធថ្មីនៃការងារបក្ស និងការកសាងបក្ស ដើម្បីសមស្របទៅនឹងសំណូមពរថ្មី ដែលស្ថានភាពថ្មីនិងភារកិច្ចថ្មីបានលើកឡើង ចំពោះការងារបក្សនិងការកសាងបក្ស៕

វិទ្យុមិត្តភាពកម្ពុជាចិន