(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចទុក រដ្ឋមន្រ្តីជាន់ខ្ពស់មួយចំនួន របស់អតីតនាយករដ្ឋមន្រ្តីលោកស្រី លីស ត្រាស់ (Liz Truss) ឱ្យនៅកាន់តំណែងដូចដើមដដែល ខណៈលោកហាក់ព្យាយាមស្វែងរក ការធ្វើអន្តរកាលមួយ ដែលប្រកបដោយស្ថិរភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក ចេរេមី ហាន់ (Jeremy Hunt), រដ្ឋមន្រ្តីការបរទេស លោក ជែម ឃ្លីវើលី (James Cleverly) និងរដ្ឋមន្រ្តីការពារជាតិ លោក បេន វ៉លលេស (Ben Wallace) ត្រូវបានលោក ស៊ូណាក់ រក្សាឱ្យនៅកាន់តួនាទីរបស់ខ្លួនដដែល ដោយពុំមានការផ្លាស់ប្តូរអ្វីឡើយ ទោះបីជាលោក ឃ្លីវើលី និងលោក វ៉លលេស បានបង្ហាញការគាំទ្រចំពោះការវិលត្រឡប់មកវិញ របស់អតីតនាយករដ្ឋមន្រ្តី លោក បូរីស ចនសុន (Boris Johnson) ក៏ដោយ។

ចំណែកលោកស្រី ស៊ូអេឡា ប្រេវើមែន (Suella Braverman) ដែលទើបលាលែងពីតំណេង កាលពីសប្តាហ៍មុន កំលុងរដ្ឋាភិបាល​របស់លោកស្រី ត្រាស់ នោះ គឺត្រូវបានលោក ស៊ូណាក់ តែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃសាឡើងវិញ។ រីឯលោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ដែលជាគូប្រកួតចុងក្រោយគេរបស់លោក ស៊ូណាក់ ក្នុងការប្រជែងយកតំណែងប្រធានបក្សអភិរក្សនិយម ក៏នៅរក្សាតំណែងដដែលជា រដ្ឋមន្រ្តីទទួលបន្ទុកចាត់ចែងកិច្ចការរដ្ឋាភិបាល ប្រចាំនៅរដ្ឋសភាអង់គ្លេសផងដែរ។

គួរបញ្ជាក់ថា លោក រីស្ស៉ី ស៊ូណាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាផ្លូវការ ដោយព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាល កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកបានជាប់ជាប្រធានថ្មី នៃគណបក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច កាលពីថ្ងៃចន្ទ៕