(យូអិន)៖ មន្រ្តីទូតរុស្ស៊ី បានលើកយកករណីដែលខ្លួនចោទប្រកាន់ថា អ៊ុយក្រែនកំពុងរៀបចំប្រើប្រាស់ «គ្រាប់បែកវិទ្យុសកម្ម» មកបង្ហាញក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលការអះអាងនេះត្រូវបានច្រានចោលដោយមន្ត្រីលោកខាងលិច និងអ៊ុយក្រែនថាជាព័ត៌មានមិនពិត និងជាលេស សម្រាប់បង្កើនការធ្វើសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

លោក ឌីមីទ្រី ប៉ូលីយ៉ានស្គី (Dmitry Polyanskiy) អគ្គរដ្ឋទូតរងរបស់រុស្ស៉ី ប្រចាំនៅ UN បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងពេញចិត្ត ក្នុងការលើកឡើងពីអ្វីដែល យើងបានដឹង។ ខ្ញុំមិនខ្វល់នឹងមនុស្សដែលនិយាយថារុស្ស៊ីកំពុងសម្តែងនោះទេ ដោយថាវានឹងមិនកើតឡើងនោះទេ តែនេះគឺជាគ្រោះមហន្តរាយដ៏គួរឲ្យភ័យខ្លាច ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផែនដីទាំងមូល។ ភស្តុតាងគឺមាននៅក្នុងព័ត៌មានចារកម្មដែលត្រូវបានចែករំលែក ជាមួយសមភាគីលោកខាងលិច ជាមួយនឹងភាពចាំបាច់ នៃការម្ចាត់សកម្មភាពទាំងអស់នេះ»

ចំណែកឯ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានអះអាងថា ការចោទប្រកាន់នេះ គឺពិតជាគ្មានតម្លាភាព ហើយទីក្រុងវ៉ាស៊ីនតោនបានព្រមានរុស្ស៊ីអំពី «ផលវិបាកធ្ងន់ធ្ងរ» សម្រាប់ការប្រើប្រាស់នុយក្លេអ៊ែរណាមួយ។

គួរបញ្ជាក់ថា រុស្ស៉ីបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវ ថាបានបញ្ជាឲ្យអង្គភាពចំនួន២ ផលិតគ្រាប់បែកវិទ្យុសកម្ម ដោយមិនបានផ្តល់ភស្តុតាងណាមួយឡើយ ហើយ នៅថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងមូស្គូ បានដាក់លិខិតមួយដើម្បីស្នើសុំរៀបរាប់លម្អិតអំពីការចោទប្រកាន់នេះ ទៅកាន់អង្គការសហប្រជាជាតិ និងបានលើកឡើងបញ្ហានេះនៅក្នុងកិច្ចប្រជុំបិទទ្វារ ជាមួយក្រុមប្រឹក្សាសន្តិសុខ៕