(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានព្យាករថា «ការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត» នឹងមកដល់នៅក្នុងតំបន់ខឺសុន (Kherson) នៃភាគខាងត្បូងប្រទេស លើផ្នែកដែលរុស្ស៊ីកាន់កាប់ ខណៈយោធារុស្ស៉ី បង្កើនការទប់ទល់នឹងការវាយរុលទៅមុខពីសំណាក់កងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

តំបន់ខឺសុន ដែលជាមានរដ្ឋធានី និងកំពង់ផែ ទន្លេ ហើយមានប្រជាជន រស់នៅប្រហែល ២៨០,០០០នាក់ មុនពេលមានសង្គ្រាមផ្ទុះឡើង បានក្លាយជាទីតាំងដ៏ធំបំផុតមួយដែល រុស្ស៊ីដណ្តើមកាន់កាប់បាន នៅពេលបើកការឈ្លានពានអ៊ុយក្រែន។ ការវាយបករបស់កងកម្លាំងអ៊ុយក្រែននៅតំបន់នេះ ហាក់ដូចជាមិនសម្រេចបានច្រើនទេ ចាប់តាំងពី ដើមខែតុលា។

លោក អូឡិចស៉ី អារ៉េស្តូវ៉ិក (Oleksiy Arestovych) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមរយៈវីដេអូ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះថា «និយាយពីតំបន់ខឺសុន អ្វីគ្រប់យ៉ាងគឺច្បាស់ណាស់ថា កងកម្លាំងរុស្ស៊ីកំពុងបំពេញបន្ថែម ពង្រឹងក្រុមរបស់ពួកគេនៅទីនោះ។ វាមានន័យថាគ្មាននរណាម្នាក់កំពុងរៀបចំដកថយទេ។ ផ្ទុយទៅវិញ មានតែការប្រយុទ្ធដ៏ខ្លាំងក្លានឹងកើតឡើងក្នុងតំបន់នេះ»។

គួរបញ្ជាក់ថា ក្នុងចំណោមតំបន់ទាំង៤ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថានឹងដាក់បញ្ចូលនោះ តំបន់ខឺសុន គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត។ វាគ្រប់គ្រងទាំងផ្លូវគោកតែមួយគត់ទៅកាន់តំបន់គ្រីមៀ (Crimea) ដែលរុស្ស៊ីបានក្រសោបយកក្នុងឆ្នាំ២០១៤ និងដងទន្លេឌីនីប្រូ (Dnipro) ជាទន្លេដ៏ធំដែលឆ្លងកាត់ប្រទេសអ៊ុយក្រែន៕