(វ៉ាស៉ីនតោន)៖ លោក អាស់តុន ខាតធឺ (Ashton Carter) ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានទទួលមរណភាពហើយ ក្នុងអាយុ ៦៨ឆ្នាំ ដោយសារគាំងបេះដូង។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

ក្រុមគ្រួសាររបស់លោក បានឲ្យដឹងថា លោក ខាតធឺ មានអាការៈធ្វើទុក្ខបេះដូង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ នៅឯទីក្រុងប៊ូសតុន (Boston) ហើយភរិយារបស់លោក គឺលោកស្រី ស្តេហ្វេននី (Stephanie) និងកូនៗ ក៏បានព្យាយាមជួយសង្រ្គោះដែរ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក ខាតធឺ គឺជាបុគ្គលស្មោះត្រង់មួយរូប ដែលបានដឹកនាំស្ថាប័នឲ្យមានសីលធម៌ ស្ថិរភាព និងចក្ខុវិស័យក្នុងការប្រើប្រាស់ ជីវិតរបស់លោកដើម្បីបុព្វហេតុប្រជាជន»។

គួរបញ្ជាក់ថា លោក អាស់តុន ខាតធឺ បានដឹកនាំស្ថាប័នការពារជាតិអាមេរិក ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៥ រហូតដល់ខែមករា ឆ្នាំ២០១៧។ អំឡុងពេលបំពេញភារកិច្ច លោក សម្រេចបាននូវស្នាដៃជាច្រើន ជាពិសេសការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃក្រុម ISIS នៅមជ្ឈិមបូព៌ា ដោយការដាក់ពង្រាយទាហានអាមេរិក៕