(ប៉េកាំង)៖ អតីតប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) ត្រូវបានគេក្រៀកយកចេញពីពិធីបិទសមាជគណបក្សកុម្មុយនិស្ដចិន ដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP និង Reuter ព្រមទាំងសារព័ត៌មានអន្តរជាតិជាច្រើនទៀត នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ូ ជិនតាវ មានអាយុ ៧៩ឆ្នាំ ត្រូវបានគេឃើញអង្គុយនៅក្បែរលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ប៉ុន្តែ លោក ហ៊ូ ស្រាប់តែត្រូវបានបុគ្គលិក២រូប ក្រៀកយកចេញពីសាល Great Hall of the People ក្នុងទីក្រុងប៉េកាំង ដោយមិនដឹងមូលហេតុ។ បើតាមវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បុគ្គលិកម្នាក់ បានព្យាយាមម្ដងហើយម្ដងទៀត ដើម្បីនាំលោក ហ៊ូ ចេញពីកៅអីអង្គុយ ហើយក្នុងពេលជាមួយគ្នានោះ លោក ហ៊ូ បានលូកដៃចង់យកឯកសារមួយចេញពីដៃបុគ្គលិក នោះ តែត្រូវបានរារាំង។

នៅពេលត្រូវបានគេក្រៀកចេញ លោក ហ៊ូ បានយកដៃប៉ះខ្នងលោក ស៊ី ជិនពីង និងបានទះស្មាលោកនាយករដ្ឋមន្ត្រី លី ឃឺជាំង។ ទាំងលោក ស៊ី និងលោក លី បានបង្ហាញកាយវិការងក់ក្បាល ​និងនិយាយទៅកាន់លោក ហ៊ូដែរ។ ប៉ុន្តែដោយសារតែវីដេអូនេះត្រូវបានថតពីចម្ងាយមិនឮសំឡេង គេមិនបានដឹងថាតើលោក ស៊ី ជិនពីង បាននិយាយអ្វីទៅកាន់លោក ហ៊ូ នោះទេ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើមានអ្វីកើតឡើងឱ្យពិតប្រាកដឡើយ ឬក៏ថាតើលោក ហ៊ូ ជិនតាវ ត្រូវបានក្រៀកយកចេញដោយសារ តែមានបញ្ហាសុខភាព ឬក៏យ៉ាងណានោះទេ ខណៈព្រ័ន្ធផ្សព្វផ្សាយចិនក៏មិនបានរាយការណ៍ពីឧប្បដិហេតុនេះដែរ៕