(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) នៅថ្ងៃសៅរ៍នេះ បានចុះហត្ថលេខាលើការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសន្តិសុខដែលមានស្រាប់ កាលពីឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងបរិបទសន្តិសុខក្នុងតំបន់ដែលកំពុងផ្លាស់ប្តូរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ការចុះហត្ថលេខាខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងអូស្រ្តាលី និងជប៉ុន ដែលបានរៀបចំឡើងក្នុងទីក្រុង ភឺត (Perth) ប្រទេសអូស្រ្តាលី។ ជាផ្នែកមួយនៃភាពជាដៃគូសន្តិសុខ លោក អាល់បានីស នាយករដ្ឋមន្រ្ទីអូស្រ្តាលី បានថ្លែងថា យោធារបស់ជប៉ុននឹងធ្វើការហ្វឹកហាត់ និងធ្វើសមយុទ្ធជាមួយកងកម្លាំងការពារជាតិអូស្រ្តាលី នៅភាគខាងជើងប្រទេសរបស់ខ្លួន។

ចំណែក លោក គីស៉ិដា នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិសុខរួមដែលបានធ្វើបច្ចុប្បន្នភាពនាពេលនេះ គឺជាសមិទ្ធិផលដ៏ធំបំផុតមួយ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់អូស្រ្តាលី។ ជប៉ុននឹងប្រើជម្រើសចាំបាច់ទាំងអស់ដើម្បីការពារប្រទេស រួមទាំងសមត្ថភាពឆ្លើយតបនឹងការវាយប្រហារណាមួយ ហើយសមត្ថភាពការពាររបស់ជប៉ុននឹងត្រូវបានពង្រឹងជាមូលដ្ឋានក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលត្រូវបានគាំទ្រដោយលោក អាល់បានីស។

គួរបញ្ជាក់ថា ទីក្រុងកង់បេរ៉ា និងតូក្យូ នាពេលថ្មីៗនេះ បានបង្កើនការពង្រឹងទំនាក់ទំនងសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវត្តមានកម្លាំងយោធារបស់ចិននៅក្នុងតំបន់ប៉ាស៉ិកហ្វិក។ សេចក្តីប្រកាសរួមពីមុនបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ លើវិស័យមួយចំនួនដូចជា ការប្រឆាំងភេរវកម្ម កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនៅក្នុងឆ្នាំ ២០១៤ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងរបស់ពួកគេទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រពិសេស»៕