(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ ព្រឹត្តការណ៍សមាជគណបក្សកុម្មុយនិស្តចិន ដែលប្រារព្ធឡើងជារៀងរាល់៥ឆ្នាំម្តង គឺបានបិទបញ្ចប់វិញហើយ ក្រោយប្រព្រឹត្តទៅអស់រយៈពេលមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ក្នុងថ្ងៃបិទបញ្ចប់នេះ អង្គសមាជបានបោះឆ្នោតជ្រើសរើស គណៈកម្មាធិការមជ្ឈិមថ្មីរបស់បក្ស ដែលមានសមាជិក២០៥នាក់ ស្របពេលដែលសមាជិកបម្រុងចំនួន១៧១នាក់ ក៏ត្រូវបានបោះឆ្នោតជ្រើសរើសផងដែរ។ បុគ្គលចំនួន៤រូប រួមមានលោក លី ខឺឈាំង (Li Keqiang) អាយុ៦៧ឆ្នាំ ដែលជានាយករដ្ឋមន្រ្តីចិន ព្រមទាំងលោក លី ចានស៊ូ (Li Zhanshu) អាយុ៧២ឆ្នាំ, លោក វ៉ាង យ៉ាង (Wang Yang) អាយុ ៦៧ឆ្នាំ និងលោក ហាន ចេង (Han Zheng) អាយុ៦៨ឆ្នាំ មិនមានឈ្មោះទៀតឡើយ នៅក្នុងគណៈកម្មាធិការមជ្ឈិមថ្មីនោះ។

បុគ្គលទាំង៤រូប គឺជាសមាជិកបច្ចុប្បន្នរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលធំជាងគេបំផុត នៅក្នុងបក្សកុម្មុយនិស្តចិន។ សម្រាប់លោក លី ចានស៊ូ និងលោក ហាន ចេង គឺត្រូវបានគេរំពឹងទុករួចស្រេចថា នឹងត្រូវចូលនិវត្តន៍ដោយសារដល់អាយុ គឺ៦៨ឆ្នាំឡើងទៅ។ ដោយឡែក នៅខែមីនា ឆ្នាំ២០២៣ លោក លី ខឺឈាំង ក៏នឹងត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្តីផងដែរ បន្ទាប់ពីលោកកាន់បានគ្រប់ ២អាណត្តិហើយ។

នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ថ្មី នឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកបន្ទាប់សម្រាប់ការិយាល័យនយោបាយ ដែលជាទូទៅមាន២៥នាក់ ហើយនិងសមាជិកបន្ទាប់ សម្រាប់គណៈកម្មាធិការអចិន្រ្តៃយ៍​នៃការិយាល័យនយោបាយនោះ ដែលមានសមាជិក៧នាក់។ ពេលនោះ ក៏ជាពេលដែលគេរំពឹងថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងត្រូវបានជ្រើសរើសឱ្យបន្តធ្វើជា អគ្គលេខាធិការបក្សសម្រាប់អាណត្តិទី៣ ហើយឆ្ពោះទៅបន្តកាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត នៅខែមីនា ឆ្នាំក្រោយផងដែរ៕