(បែរឡាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសអំពីផែនការ ស្តីពីការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលទីក្រុងបែរឡាំង កំពុងថ្លឹងថ្លែងយុទ្ធសាស្រ្តស្នូលរបស់ខ្លួន ចំពោះទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល លោក សូល បាននិយាយដូច្នេះថា «ខ្ញុំបាននិងកំពុងគ្រោងដំណើរទស្សនកិច្ចមួយ ទៅកាន់ប្រទេសចិន និងកំពុងព្យាយាមកំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ទស្សនកិច្ចនោះ»។ យោងតាមអ្នកនាំពាក្យរបស់លោក សូល ដំណើរទស្សនកិច្ចរបស់លោកអធិការបតីអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកាខាងមុខនេះ។ វានឹងជាទស្សនកិច្ចដំបូងបំផុតរបស់លោក ទៅកាន់ប្រទេសចិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីចុងឆ្នាំមុន។

គួរបញ្ជាក់ថា ការប្រកាសផែនការទស្សនកិច្ចនេះកើតឡើង ចំគ្រាដែលក្រសួងការបរទេសអាល្លឺម៉ង់ កំពុងថ្លឹងថ្លែងយុទ្ធសាស្រ្តថ្មីចំពោះចិន ក្រោយឆ្លងកាត់បទពិសោធន៍ នៃការពឹងផ្អែកផ្នែកសេដ្ឋកិច្ចខ្លាំងក្លាពេក ទៅលើប្រទេសរុស្ស៉ី។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា បែរបក់ (Annalena Baerbock) បានសង្កត់ធ្ងន់ថា ក្រោយបទពិសោធន៍ នៃការពឹងផ្អែកដេកដួលខ្លាំងជ្រុលពេកខាងផ្នែក​សេដ្ឋកិច្ចលើប្រទេសរុស្ស៉ី អាល្លឺម៉ង់មិនគួរធ្វើឱ្យខ្លួនឯង ពឹងផ្អែកលើប្រទេសដទៃណា ដែលមិនគោរពគុណតម្លៃដូចគ្នានោះឡើយ។ ពោលកំហុសដូចជាមួយរុស្ស៉ី មិនគួរកើតមានឡើងម្តងទៀតទេ៕