(ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា SII បានឱ្យដឹងថា ខ្លួនបានកម្ទេចចោលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០០លានដូស បន្ទាប់ពីវ៉ាក់សាំងទាំងនោះផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

កាលពីពេលថ្មីៗនេះ លោក អាដារ ភូណាវ៉ាលឡា (Adar Poonawalla) នាយកប្រតិបត្តិក្រុមហ៊ុន SII បានប្រាប់ថា ក្រុមហ៊ុនបានបញ្ឈប់ផលិតកម្មវ៉ាក់សាំង កូវីសៀល (Covishield) ដែលជាឈ្មោះវ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២១ ដោយសារតម្រូវការធ្លាក់ចុះទាប។ បើតាមលោក ភូណាវ៉ាលឡា ក្រុមហ៊ុន SII មានវ៉ាក់សាំង Covishield សរុបប្រមាណ ១០០លានដូស នៅក្នុងស្តុក ខណៈវ៉ាក់សាំងទាំងនោះ ដែលមានអាយុកាលរក្សាទុកត្រឹម៩ខែ បានផុតសុពលភាពកាលពីខែកញ្ញាកន្លងទៅ។

គួរបញ្ជាក់ថា សរុបមកទល់ពេលនេះ ឥណ្ឌាបានចាក់វ៉ាក់សាំងកូវីដ១៩ សរុបច្រើជាង២ពាន់លានដូស ដោយក្នុងនោះជាង ៩០ភាគរយ គឺជា​វ៉ាក់សាំង Covishield។ ប្រជាជនឥណ្ឌាលើសពី៧០ភាគរយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោច ២ដូស ខណៈឥណ្ឌាចាក់ដូសជំរុញបានត្រឹមជិត ៣០០លានដូសប៉ុណ្ណោះ៕