(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះ បានប្រកាសថា កីឡដ្ឋានបាល់ទាត់ ដែលបានជូបហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ដល់ជាង ១៣០នាក់ កាលពីខែមុន នឹងត្រូវវាយកម្ទេចចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានប្រកាសដូចខាងលើ បន្ទាប់ពីលោកបានទទួលជួបពិភាក្សាគ្នា ជាមួយលោក ហ្គីយ៉ាននី អ៉ីហ្វានទីណូ (Gianni Infantino) ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA។ លោក វីដូដូ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «កីឡដ្ឋានបាល់ទាត់ កានជូរូហាន់ (Kanjuruhan) ដែលស្ថិតនៅទីក្រុងម៉ាឡាង (Malang) នៃខេត្តជា្វខាងកើត (East Java) នឹងត្រូវកម្ទេចចោល ហើយសាងសង់ជាថ្មីឡើងវិញ ដោយស្របតាមស្តង់ដារបស់ FIFA»

គួរបញ្ជាក់ថា សោកនាដកម្មរត់ជាន់គ្នាដ៏ប្រល័យនោះ ដែលបានកើតឡើងភ្លាមៗ ក្រោយការប្រកួតមួយត្រូវបានបញ្ចប់ទៅ កាលពីយប់ថ្ងៃទី១ ខែតុលា គឺត្រូវបានទម្លាក់កំហុសទៅលើ ការដែលកងកម្លាំងប៉ូលិសរក្សាសន្តិសុខ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលវាជាចំណាត់ការត្រូវបានហាមឃាត់ ដោយស្ថាប័ន FIFA។ លោក វីដូដូ បានអះអាងថា រូបលោកបានឯកភាពគ្នាជាមួយលោកិ អ៉ីនហ្វាទីណូ លើការកែសម្រួលធំៗជាច្រើន អំពីរបៀបគ្រប់គ្រងការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេសឥណ្ឌូណេស៉ី៕