(មូស្គូ)៖ នៅថ្ងៃអង្គារនេះ វិមានក្រឹមឡាំងបានប្រកាសថា តំបន់ចំនួន៤របស់អ៊ុយក្រែន ដែលទីក្រុងមូស្គូបានប្រកាសកាត់បញ្ចូលក្នុង ឧបសម្ព័ន្ធរបស់ខ្លួនកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ គឺស្ថិតក្រោមការការពារនៃអាវុធនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី១៨ ខែតុលា ឆ្នាំ២០២២។

នៅពេលក្រុមអ្នកសារព័ត៌មាន សាកសួរថាតើទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានបញ្ចូលជាផ្នែកនៃប្រទេសរុស្ស៉ី ស្ថិតនៅក្រោម​ការការពារ នៃឆត្រអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដែរឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបដូច្នេះថា «ទឹកដីទាំងនោះគឺជាផ្នែកមិនកាត់ផ្តាច់បានរបស់សហព័ន្ធរុស្ស៉ី ហើយសុទ្ធតែស្ថិតក្រោមការការពារ។ សន្តិសុខរបស់ទឹកដីទាំងនេះ គឺត្រូវបានការពារក្នុងកម្រិតដូចគ្នាទៅនឹង ដែនដីដទៃទៀតរបស់ប្រទេសរុស្ស៉ីយ៉ាងដូច្នោះ»

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូត្រៀមខ្លួនជានិច្ច ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើវាជារឿងចាំបាច់ ក្នុងការការពារបូរណភាពទឹកដីរបស់រុស្ស៉ី។ លោក ពូទីន បានអះអាងថា ទឹកដីអ៊ុយក្រែនដែលត្រូវបានកាត់យក នឹងក្លាយជាផ្នែកនៃប្រទេសរុស្ស៉ីជារៀងរហូត។ ទោះជាបែបនេះក្តី កងកម្លាំងរុស្ស៉ីមិនមែនកំពុងគ្រប់គ្រងកាន់កាប់ទាំងស្រុងតែម្តង លើដែនដីនៃតំបន់ទាំង៤ឡើយ ហើយក៏មិនទាន់បានកំណត់ ព្រំប្រទល់តំបន់ទាំងនោះច្បាស់លាស់ផងដែរ។

គួរបញ្ជាក់ថា ការកាត់យកតំបន់ដូណេត, លូហាន, ខឺសុន និងហ្សាប៉ូរីហ្ស៉ីយ៉ា ត្រូវបានថ្កោលទោសជា ទង្វើខុសច្បាប់ដោយ ទីក្រុងកៀវផ្ទាល់ រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន និងដោយសំឡេងភាគច្រើនលើសលប់ នៃបណ្តាប្រទេស នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៕