(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារនេះបាន​ប្រកាសថា ប្រហែលជា៣០ភាគរយ នៃស្ថានីយថាមពលនុយក្លេអ៊ែររបស់ប្រទេសលោក ត្រូវបានបំផ្លិចបំផ្លាញដោយសារតែស្នាដៃរបស់រុស្ស៉ី គិតចាប់តាំងពីថ្ងៃទី១០ ខែតុលាមក ដែលប្រការនេះបាន​បង្កជាបញ្ហាដាច់ចរន្តអគ្គិសនី នៅពាសពេញប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានពិពណ៌នាការវាយប្រហាររបស់រុស្ស៉ីថាជា «អំពើភេរវកម្ម» ដែលមានគោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល។ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា នាពេលនេះវាមិនមាននៅសល់ឱកាស ដើម្បីអង្គុយនៅតុចរចាគ្នាដោយសន្តិវិធី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៀតឡើយ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ របស់លោក ហ្សេលេនស្គី ធ្វើឡើង បន្ទាប់ពីនៅដើមសប្តាហ៍នេះ កងកម្លាំងរុស្ស៉ីបានចាប់ផ្តើមការវាយប្រហារថ្មីៗ មកលើរដ្ឋធានីកៀវ និងតំបន់ជាច្រើនទៀតរបស់អ៊ុយក្រែន ក្រោយការបាញ់ស្រោចមីស៉ីលយ៉ាងចាស់ដៃ កាលពីដើមសប្តាហ៍មុន។ ក្រៅពីតំបន់កៀវ ការវាយប្រហារដោយមីស៉ីលនិងដ្រូន ត្រូវបានរាយការណ៍នៅតំបន់ដូចជា ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia), ឌីនីប្រូផេត្រូវ (Dnipropetrovsk), ខាកៀវ (Kharkiv), មីកូឡេវ (Mykolaiv), ហ្ស៉ីតូមៀរ (Zhytomyr) និងស៊ូមី (Sumy)៕