(ប៉េកាំង)៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនត្រូវបានបើកដំណើរការ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងចូលរួមនៅក្នុងអំណរសាទរសមិទ្ធផលថ្មីនានាបន្ថែមទៀត ដែលនឹងសម្រេចបានក្រោយលទ្ធផល នៃសមាជដែលពោរពេញដោយកម្លាំងចលករនៅក្នុងចរន្ត នៃការអភិវឌ្ឍសកលដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុត របស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។

ចាប់តាំងពីថ្ងៃបង្កើតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បក្សកុម្មុយនិស្តចិនបានសម្រេចការសន្យារបស់ខ្លួន ប្រកបដោយប្តេជ្ញាចិត្តខ្ពស់និងជាឧឡារិកចំពោះប្រវត្តិសាស្ត្រ​ និងប្រជាជាតិចិនក្នុងការសម្រេចបាន នូវគោលដៅទី១សម្រាប់សតវត្សរ៍ ក្នុងការកសាងបាននូវសង្គមមួយ ដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ ដែលជាពិសេសគឺការលុបបំបាត់ភាពក្រីក្រទាំងស្រុង នៅក្នុងប្រទេសចិនដោយត្រូវគេបានប៉ាន់ប្រមាណថា ប្រជាជនចិនជាង៩៦លាននាក់បានក្រោកចាកផុតពីភាពក្រីក្រ។

ដោយឡែកប្រសិនជាយើងក្រឡេកមើលប្រទេសចិនកាលពី១០ឆ្នាំមុន យើងនឹងយល់កាន់តែច្បាស់ពីការដឹកនាំ របស់បក្សកុម្មុយនិស្តចិន ដែលមានលោក ស៊ី ជីនភីង ជាស្នូលក្នុងកំណែទម្រង់យ៉ាងស៊ីជម្រៅ ប្រកបដោយត្រីវិស័យយ៉ាងត្រឹមត្រូវ និងគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដ៏មហិមា ក្នុងការជំរុញល្បឿននៃការធ្វើទំនើបភាវូបនីយកម្មសង្គមនិយម ដែលបានដាក់គ្រឹះយ៉ាងរឹងមាំដោយបង្កើតលក្ខខណ្ឌ អំណោយផល និងកាលានុវត្តភាពដ៏សំខាន់ក្នុងមហាដំណើរទៅកាន់ ការស្តារឡើងវិញនៃភាពអស្ចារ្យរបស់ប្រជាជាតិចិន តាមគោលមាគ៌ាសង្គមនិយមដែលមានចរិតលក្ខណៈចិន ឬសង្គមនិយមតាមបែបផែនចិន។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយម ឧត្តមគតិម៉ៅសេទុង ទ្រឹស្ដីតេងស៊ាវពីង គំនិតសំខាន់នៃតំណាងបី និងទស្សនវិស័យវិទ្យាសាស្ត្រស្តីពីការអភិវឌ្ឍ សង្គមនិយមជាមួយនឹងចរិតលក្ខណៈរបស់ចិន បានឈានចូលដល់យុគសម័យថ្មី។ គំនិតផ្តួចផ្តើមជាច្រើនរួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមសហគមន៍ជោគវាសនារួម គំនិតផ្តួចផ្តើមសហគមន៍រួមជីវិត សុទ្ធសឹងបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ព្រមទាំងបានលេចចេញនូវសមិទ្ធផលជាច្រើនមហិមា ដូចដែលទៅនឹងប្រសាសន៍របស់លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សដែលបានថ្លែងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីបើកសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន។

ពិភពលោកបានកត់សម្គាល់ឃើញថា ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៤០ ទំហំពាណិជ្ជកម្មទំនិញសរុបស្ថិតក្នុងចំណាត់ថ្នាក់ទី១ ទំហំកៀរគរទុន វិនិយោគបរទេសនិងការបណ្តាក់ទុនចំពោះ ក្រៅប្រទេសបាននាំមុខលើលោក ដែលបានកកើតទៅជាទ្រង់ទ្រាយបើកចំហ ចំពោះក្រៅប្រទេសដែលប្រកបដោយក្របខ័ណ្ឌ កាន់តែធំ វិស័យកាន់តែរីកទូលាយ និងកាន់តែស៊ីជម្រៅ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ផលិតផលក្នុងស្រុកសរុបប្រទេសចិន បានកើនឡើងពី៥៤ទ្រីលានដល់១១៤ទ្រីលានយាន់ប្រាក់ចិន ហើយទំហំសេដ្ឋកិច្ចសរុបនៃប្រទេសចិនត្រូវជា ១៨ក្បៀស៥នៃទំហំសេដ្ឋកិច្ចពិភពលោក ពោលគឺកើនឡើង៧ក្បៀស២ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក។

ពិភពលោកបានដឹងយ៉ាងច្បាស់ថា ទ្វាររបស់ចិនគឺបើកចំហនិងបើកកាន់តែធំសម្រាប់ ចូលរួមក្នុងចរន្តនៃការអភិវឌ្ឍរបស់ពិភពលោក ដែលនេះជាសញ្ញាបង្ហាញដល់ប្រវត្តិសាស្ត្រមនុស្សជាតិ បាននិងកំពុងបើកទំព័រថ្មីជាច្រើនបន្ថែមទៀត កត់បញ្ចូលនូវអភិបាលកិច្ចប្រទេសចិន ដែលបានត្រួសត្រាយនិងបានដឹកនាំដោយលោក ស៊ី ជីនភីង ជាស្នូល ជាអគ្គមគ្គុទេសក៍ ជារដ្ឋបុរស ជាអ្នកផលិតនំខេកផលប្រយោជន៍កាន់តែធំ ជាអ្នកកាច់ចង្កូតនាវាប្រទេសចិន និងចូលរួមដល់ការពង្រីកទំហំអង្កត់ផ្ចិតកាន់តែធំ ដល់ការអភិវឌ្ឍសកលរបស់ពិភពលោក។

ពិភពលោកកំពុងចូលរួមទះដៃអបអរសាទរដល់សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិនដែលលទ្ធផលនៃអង្គសមាជនេះ នឹងពង្រីកប្រសិទ្ធភាពនៃវិសាលភាពគំនិតផ្តួចផ្តើមនានា ដែលបានរំលេចដោយលោក ស៊ី ជីនភីង ហើយបាននិងកំពុងក្លាយជា ទស្សនវិជ្ជានៃការអភិវឌ្ឍសកលក្នុងការបង្កើនពន្លឿន អព្ភូតហេតុដ៏អស្ចារ្យសម្រាប់ជាការលើកទឹកចិត្ត ឲ្យប្រជាជាតិចិនដែលកំពុងមានជីវភាពធូរធារ រួមកម្លាំងគ្នាប្រកបដោយមោទកភាពក្នុងការកសាងប្រទេសចិន តាមមាគ៌ាសង្គមនិយមទំនើបកម្មប្រកបដោយវិបុលភាពគ្រប់ជ្រុងជ្រោយ។

សង្គមនិយមតាមបែបផែនចិនកំពុងបញ្ចេញ នូវឫទ្ធានុភាពដ៏រឹងមាំថ្មីនៅក្នុងសតវត្សរ៍ទី២១នេះ ដែលជាជម្រើសដ៏ត្រឹមត្រូវស្របតាមមាគ៌ា នៃការអភិវឌ្ឍក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃស្ថិរភាពនយោបាយ ការថែរក្សាសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ហើយក៏ជាមហាវិថីឆ្ពោះទៅសម្រេចបាន នូវគោលដៅទី២ប្រចាំសតវត្សរ៍ នៃការស្តារភាពអស្ចារ្យនៃប្រជាជាតិចិនឡើងវិញផងដែរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន