(កៀវ)៖ ក្រុមមន្រ្តីមកពីភាគីទាំងសងខាងបានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងកៀវនិងទីក្រុងមូស្គូ បានធ្វើការដោះដូរ អ្នកទោសសង្រ្គាមក្នុងចំនួនដ៏ច្រើនបំផុតមួយ គឺសរុប២១៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ក្នុងការដោះដូរខាងលើ គឺស្រ្តីជនជាតិអ៊ុយក្រែនសរុប១០៨នាក់ ត្រូវបានដោះលែង ក្នុងនោះមានជនស៉ីវិល១២នាក់។ ក្នុងចំណោមស្រី្តៗទាំងនោះ ៣៧នាក់ ត្រូវបានចាប់ខ្លួន ក្រោយកងកម្លាំងរុស្ស៉ីដណ្តើមគ្រប់គ្រងបាន រោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅទីក្រុងម៉ារីយូប៉ូល (Mariupol) កាលពីខែឧសភា ហើយខ្លះទៀត គឺត្រូវបានអាជ្ញាធរនៃតំបន់ភាគខាងកើតអ៊ុយក្រែន ដែលគាំទ្ររុស្ស៉ីចាប់ឃុំខ្លួន តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ីវិញ ក្នុងការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន កាលពីថ្ងៃចន្ទ គឺជនជាតិរុស្ស៉ីសរុបចំនួន ១១០នាក់ ត្រូវបានដោះលែង ក្នុងនោះរួមមាននាវិក៧២នាក់ មកពីកប៉ាល់ពាណិជ្ជកម្មផ្សងៗ ដែលបានជាប់ឃុំឃាំង តាំងតែខែកុម្ភៈមក ហើយប៉ុន្មានទៀតគឺជាទាហាន៕