(កៀវ)៖ សាក្សីបាននិយាយថា មីស៉ីលរុស្ស៉ីបានវាយប្រហារអគារអាផាតមិនមួយកន្លែង នៅក្នុងទីក្រុងកំពង់ផែមីកូលីវ (Mykolaiv) ភាគខាងត្បូងនៃអ៊ុយក្រែន ក្នុងករណីផ្ទុះមួយក្នុងចំណោមការផ្ទុះ ៣លើកផ្សេងទៀត ដែលបានកើតឡើងនៅទីនោះ នាព្រឹកព្រលឹមថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

មីស៉ីលខាងលើនេះបានបំផ្លាញជ្រុងម្ខាងនៃអគារអាផាតមិន ក្នុងទីក្រុងប្រជុំជនដោយបន្សល់ទុកនូវរណ្តៅមួយដ៏ធំ។ សាក្សីបានបន្ថែមថា ក្រុមពន្លត់អគ្គិភ័យបានទាញសាកសពបុរសម្នាក់ ចេញពីគំនរបែកបាក់។ ភ្លាមៗនោះ អ្នករស់នៅក្នុងអគារ បានរត់មកជ្រកនៅជាន់ក្រោមដី។

មន្រ្តីសាលាក្រុងម្នាក់ បានកំណត់ថាមីស៉ីលនោះគឺប្រភេទ S300។ ក្រុមមន្រ្តីបាននិយាយថា កាលពីយប់ថ្ងៃអាទិត្យ មានការវាយប្រហារដោយយន្តហោះដ្រូន ទៅលើមូលដ្ឋានចំណតសមុទ្រ Everi ក្នុងទីក្រុងមីកូលីវ ដោយបំផ្លាញស៊ីទែនស្តុកប្រេង និងបង្កឱ្យមានការឆាបឆេះ៕