(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហភាពអឺរ៉ុបគួរតែទទួលស្គាល់ឲ្យបានកាន់តែច្រើនជាងមុនថា ប្រទេសចិនគឺជាដៃគូប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកតែលើសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្លុកនេះកំពុងសម្លឹងមើលការសម្របសម្រួលទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គា ទី១៨ ខែតុលា ឆ្នាំ២០២២។

ក្នុងសេចក្តីណែនាំរបស់ លោក បូរ៉ែល ទៅកាន់ទីភ្នាក់ងារសេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅប្រទេសលុចសំបួ បានបញ្ជាក់ថា EU គួរតែបន្ត «ការចូលរួមក្នុងសកម្មភាពជាក់ស្តែង និងរឹងមាំ»។ ចាប់តាំងពីឆ្នាំ២០១៩មក ប្លុកនេះបានចាត់ទុកប្រទេសចិនជាដៃគូរបស់ខ្លួន ជាដៃគូប្រកួតប្រជែងសេដ្ឋកិច្ចដ៏ស្វិតស្វាញ និងជាគូប្រជែងជាប្រព័ន្ធ ផងដែរ។

ក្រោយកិច្ចប្រជុំជាមួយក្រុមមន្រ្តី លោក បូរ៉ែល បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា តួនាទីរបស់អ្នកប្រកួតប្រជែងពេលនេះបានក្លាយជាចំណុចស្នូលដ៏សំខាន់។ ការប្រកួតប្រជែងមួយពីប្រទេសចិនឥឡូវនេះ គឺភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងបំណងប្រាថ្នារបស់ខ្លួនក្នុងការសម្រេចបាននូវឥទ្ធិពល នៅក្នុងតំបន់អាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងទីកន្លែងផ្សេងទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទសប្តាហ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ស៉ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងសុន្ទរកស្តីពីគោលនយោបាយសំខាន់ៗ អំពីបំណងប្រាថ្នាពង្រីកឥទ្ធិពលនៃប្រទេសរបស់លោក នៅទូទាំងពិភពលោក។ មេដឹកនាំសហភាពអឺរ៉ុប ក៏គ្រោងនឹងពិភាក្សាអំពីទំនាក់ទំនងជាមួយប្រទេសចិន ក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ៕