(មូស្គូ)៖ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង ចំអគារអាផាតធឺមិនមួយកន្លែងក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ក្បែរព្រំដែនជាមួយអ៊ុយក្រែននោះ បានកើនឡើងដល់១៣នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, មនុស្សទាំង១៣នាក់ដែលស្លាប់ គឺមានកុមារ៣នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត ត្រូវបានបញ្ចប់។
ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្ន បានបញ្ជាក់ថា ក្រោយការធ្លាក់យន្តហោះចម្បាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយកម្ទេចថ្ម រកឃើញសាកសពសរុប១៣នាក់ ហើយមនុស្ស១៩នាក់ រងរបួស។ ចំណែកឯ ពីឡុតបើកយន្ដហោះចម្បាំងនេះបានលោតចេញពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព នៅមុនពេលយន្ដហោះធ្លាក់។

គួរបញ្ជាក់ថា យន្ដហោះចម្បាំង Su-34 ខាងលើត្រូវបានអាជ្ញាធរុស្ស៉ីបញ្ជាក់ថាបានចូលរួមក្នុងការបណ្ដុះបណ្ដាលហោះហើរមួយចេញពីមូលដ្ឋានទ័ពអាកាស នៃយោធាភូមិភាគខាងត្បូង រីឯមូលហេតុធ្លាក់គឺបណ្ដាលមកពីភ្លើងឆេះម៉ាស៊ីនមួយរបស់យន្ដហោះកំឡុងពេលហោះឡើង៕