(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារនេះបានសម្រេចចិត្តថានឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន៥ ដែល មានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានឱ្យដឹងទៀតថាទណ្ឌកម្មបន្ថែមខាងលើត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារនេះ និងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលជាបន្តបន្ទាប់ធ្លាក់ចូលក្នុងសមុទ្រជប៉ុន ក្នុងនោះរួមមានទាំងមីស៊ីលបាញ់ រំលងប្រទេសជប៉ុនផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរូបនេះបានបន្ថែមថាទង្វើបង្កហេតុរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងធ្ងន់ធ្ងរ និងបន្ទាន់ ចំពោះសន្តិសុខជាតិជប៉ុន ព្រមទាំងគំរាមដល់សន្តិភាព និងស្ថិរភាពអន្តរជាតិដែលជាអំពើមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ តែព្រមពេលជាមួយគ្នា លោក ម៉ាត់ស៊ូណុ ក៏បានជំរុញដែរ ឱ្យកូរ៉េខាងជើងធ្វើសកម្មភាពជាក់ស្ដែង ក្នុងការដោះស្រាយបញ្ហាជាច្រើនក្នុងនោះរួមមានកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល រួមទាំងការចាប់ពង្រត់ ជនជាតិជប៉ុន៕