(សិង្ហបុរី)៖ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយកាលពីថ្ងៃចន្ទថា សិង្ហបុរី និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យដូចជា ឌីជីថលនីយកម្ម និងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតង និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧​ ខែតុលា​​ ឆ្នាំ២០២២។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានអះអាងនូវ «ទំនាក់ទំនងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏ល្អប្រសើរ» រវាងសិង្ហបុរី និងវៀតណាម។

គួរបញ្ជាក់ថា លោកស្រី Halimah កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែតុលា។

ក្រសួងការបរទេសបាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា ប្រមុខរដ្ឋទាំងពីរបានអះអាងសារជាថ្មីអំពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយ និងរឹងមាំ» រវាងប្រទេសទាំងពីរ។ ពួកគេក៏បានយល់ព្រមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី និងដែលកំពុងរីកចម្រើនដូចជា ឌីជីថលនីយកម្ម និងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតង រួមទាំងថាមពលកកើតឡើងវិញ និងឥណទានកាបូន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕