(ម៉ានីល)៖ យោធាហ្វីលីពីនបានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែតុលានេះថា រថយន្តយោធាមួយគ្រឿងបានបុករថយន្តលាយស៊ីម៉ង់ត៍ ដែលចតនៅក្នុងខេត្ត Masbate ភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអាទិត្យ ដោយបានផ្តាច់ជីវិតទាហាន០៨នាក់ និង០៦នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ឧត្តមសេនីយ Alex Luna នៃកងពលធំថ្មើរជើងទី៩ របស់កងទ័ពបាននិយាយថា កងទ័ពកំពុងធ្វើដំណើរពីភាគខាងត្បូងពីទីក្រុង Masbate ទៅកាន់ទីស្នាក់ការរបស់ពួកគេក្នុងទីក្រុង Milagros នៅពេលដែលបានជួបគ្រោះថ្នាក់កាលពីយប់ថ្ងៃអាទិត្យ។

លោក​បាន​បន្ថែម​ថា ​ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​០៦​នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​០២​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក។

យោងតាមលោក Luna អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តបន្ទាប់ពីខូចមុខងារ ហើយក្រោយមករថយន្តបានទៅបុករថយន្តលាយបេតុងដែលចតនៅលើផ្លូវ៕