(កៀវ)៖ លោក មីឃែលឡូ ប៉ូដូលីយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ក្រោយពីរុស្ស៉ីបានបើកការវាយប្រហារសាជាថ្មី តាមរយៈយន្តហោះដ្រូនអត្តឃាតមកលើ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ រុស្ស៉ីគួរតែត្រូវបណ្តេញចេញពីក្រុមប្រទេស G20 ក៏ដូចជាវេទិកាអន្តរជាតិដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

លោក ប៉ូដូលីយ៉ាក បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ដូច្នេះថា «ជនដែលបញ្ជាឱ្យវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបង្កទុក្ខលំបាកដល់ជនស៉ីវិលស្លូតត្រង់ ហើយរៀបចំការកេណ្ឌកងពលទ្រង់ទ្រាយធំ ដើម្បីឱ្យទាហានខ្លួន ទៅស្លាប់នៅតាមសមរភូមិជួរមុខ គឺមិនសមអង្គុយនៅតុប្រជុំ ជាមួយបណ្តាមេដឹកនាំ នៃក្រុមប្រទេស G20 ឡើយ។ វាដល់ពេលត្រូវបញ្ចប់ឧបាយកលលាក់ពុតរបស់រុស្ស៉ី​ហើយ។ សហព័ន្ធរុស្ស៉ីចាំបាច់ត្រូវតែបណ្តេញចេញពីវេទិកាអន្តរជាតិនានា»

គួរបញ្ជាក់ថា នាព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅទីក្រុងកៀវ) ទីក្រុងអ៊ុយក្រែនមួយចំនួន រួមទាំងរដ្ឋធានីកៀវ បានទទួលរងការវាយប្រហារ ដោយយន្តហោះដ្រូនពីរុស្ស៉ី។ បើតាមអភិបាលទីក្រុងកៀវ មនុស្ស៣នាក់បានស្លាប់ និងមួយចំនួនបានរងរបួស ក្នុងហេតុការណ៍វាយប្រហារនោះ។ វាបានកើតឡើងមួយសប្តាហ៍គត់ បន្ទាប់ពីទីក្រុងកៀវ និងទីក្រុងជាច្រើនទៀត នៅទូទាំងប្រទេសអ៊ុយក្រែន បានរងការបាញ់ស្រោចមីស៉ីល យ៉ាងសម្បើមពីរុស្ស៉ី ដែលកាលនោះបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច ១៩នាក់៕