(យូអិន)៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការកើនឡើងអតិផរណា បានរុញច្រានឲ្យកុមារប្រហែល៤លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ នៅទូទាំងតំបន់អឺរ៉ុបខាងកើត និងអាស៉ីកណ្តាល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

អង្គការយូនីសេហ្វ (UNICEF) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា កុមារកំពុងទទួលបន្ទុកធ្ងន់បំផុតពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារសង្រ្គាមនៅអ៊ុយក្រែន។ ជម្លោះនិងការកើនឡើងអតិផរណា បានជំរុញឲ្យកុមារប្រហែល ៤លាននាក់បន្ថែមទៀត នៅទូទាំងអឺរ៉ុបខាងកើតនិងអាស៉ីកណ្តាល ធ្លាក់ចូលក្នុងភាពក្រីក្រ ដែលកើនឡើង១៩ភាគរយ ចាប់តាំងពីឆ្នាំ២០២១។ នេះបើតាមការសន្និដ្ឋានរបស់ UNICEF លើទិន្នន័យពីប្រទេសចំនួន ២២។

ចាប់តាំងពីទីក្រុងមូស្គូបើកការវាយប្រហាររបស់ខ្លួន កុមាររុស្ស៉ីដែលធ្លាក់ចូលក្នុងភាពក្រីក្រ បានកើនឡើនប្រមាណ៣ភាគ៤ ខណៈកុមារ២.៨លាននាក់ រស់នៅក្នុងគ្រួសារក្រោមបន្ទាត់នៃភាពក្រីក្រ។ រីឯ កុមារអ៊ុយក្រែនប្រហែលកន្លះលាននាក់វិញ កំពុងរស់នៅក្នុងភាពក្រីក្រ។

គួរបញ្ជាក់ថា បញ្ហាដែលរុញច្រានឲ្យប្រជាជនធ្លាក់ចូលក្នុងភាពក្រីក្រ កើតចេញពីសមាមាត្រកាន់តែច្រើននៃប្រាក់ចំណូល ដែលត្រូវចំណាយលើថ្លៃអាហារ និងប្រេងឥន្ធនៈ ដោយបន្សល់ទុកបានតិចតួចសម្រាប់ការចំណាយសម្រាប់ការថែទាំសុខភាព និងការអប់រំកុមារ៕