(ព្រុចសែល)៖ នាថ្ងៃចន្ទនេះ អង្គការណាតូ (NATO) បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាទប់ទល់នុយក្លេអ៊ែរ នៅតំបន់ភាគខាងលិចអឺរ៉ុប បន្ទាប់ពីភាពតានតឹងបានកើនឡើងជាមួយរុស្ស៉ី ជុំវិញការព្រមានធ្ងន់ៗពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ចំពោះមុខស្ថានការណ៍មិនអំណោយផល ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។

បក្សសម្ព័ន្ធយោធាដែលមាន៣០ប្រទេសខាងលើ បានសង្កត់ធ្ងន់ថា សកម្មភាពហ្វឹកហាត់ជាទូទៅខាងលើ ដែលនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែតុលា គឺត្រូវបានគ្រោងទុកយូរមកហើយ មុនពេលទីក្រុងមូស្គូបើកការឈ្លានពានលើអ៊ុយក្រែនទៅទៀត ហើយវាមិនទាក់ទងជាមួយស្ថានការណ៍ក្នុងតំបន់ នាពេលបច្ចុប្បន្ននោះឡើយ។

អគ្គលេខាធិការ NATO លោក ចេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បានបដិសេធការអំពាវនាវនានា ដែលចង់ឱ្យលុបចោល សមយុទ្ធយោធានុយក្លេអ៊ែរនេះ បន្ទាប់ពីលោក ពូទីន បានបង្កើនការព្រមានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ស្របពេលដែលរុស្ស៉ី បន្តបាត់បង់ទឹកដីដែលខ្លួនកាន់កាប់ នៅអ៊ុយក្រែន។

កាលពីសប្តាហ៍មុន លោក ស្តូលថិនបឺហ្គ បាននិយាយដូច្នេះថា «វានឹងបង្ហាញនូវសញ្ញាដ៏ខុសឆ្គងបំផុតមួយ ប្រសិនបើនៅសុខៗ យើងសម្រេចលុបចោល លំហាត់យោធាជាប្រចាំ និងត្រូវបានគ្រោងទុកជាយូរមកហើយ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ យើងត្រូវដឹងថា ជំហររឹងមាំរបស់ NATO ហើយនិងកម្លាំងផ្នែកយោធារបស់យើង គឺជាមធ្យោបាយល្អបំផុត ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង»

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរខាងលើ នឹងមានវត្តមានរបស់ ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ហើយយន្តហោះសរុបរហូតដល់៦០គ្រឿង នឹងចូលរួមក្នុងការហ្វឹកហាត់ នៅប្រទេសបែលហ្ស៉ិក ចក្រភពអង់គ្លេស ព្រមទាំងនៅសមុទ្រខាងជើង (North Sea)៕